ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក នៅថ្ងៃស្អែក

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាននឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីរំលឹកខួបអនុសាវរីយ៍លើកទី៤៥ នៃទំ​នាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក​នាថ្ងៃ​ទី១០​ខែឧសភា​ ឆ្នាំ​២០២២​ ស្អែកនេះ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត។

ការដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឱ្យដឹងថា កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំ​នាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក ។

ប្រភពដដែល បានឱ្យទៀតថា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំអាស៊ាន ដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយ សមាជិកសភាអាមេរិក មកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកស្រី ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនៅសេតវិមាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំ ធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចផងដែរ។

ថ្នាក់ ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គ ជាមួយបណ្តារដ្ឋមន្ត្រីអាមេរិក ស្តីពី បញ្ហា វិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព។

ការរពិភាក្សាផ្លាស់ប្តូរទស្សនគ្នា អំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូ អាស៊ាន-សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានជំនួបទ្វេភាគីជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិក អាស៊ានមួយចំនួនទៀតផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិ ខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ៕

To Top