ព័ត៌មានអន្តរជាតិ

ចិននិងអាល្លឺម៉ង់ នឹងរីកចម្រើន ពីកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្តគ្នា ទៅវិញទៅមក

ប៉េកាំង៖ មន្ត្រី និងអ្នកដឹកនាំធុរកិច្ចនៅប្រទេសអាល្លឺម៉ង់ ដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងលើកិច្ចសហការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងអាល្លឺម៉ង់ ដែលពួកគេជឿថា ជាគន្លឹះនៃការរីកចម្រើន និងវិបុលភាពនៃប្រទេសទាំងពីរ ដែលជាការកត់សម្គាល់នូវ ទំនាក់ទំនងការទូត រយៈពេល ៥ទសវត្សរ៍របស់ពួកគេនៅឆ្នាំនេះ។

ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Destatis) បានឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសអាល្លឺម៉ង់ សម្រាប់រយៈពេល ៦ឆ្នាំជាប់ៗគ្នាដោយចាប់ផ្តើមពីឆ្នាំ២០១៥ ។ ក្នុងរយៈពេលត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ប្រទេសចិនបានកើនឡើងពីចំណាត់ថ្នាក់ទី៣៥ ដល់ទី១៤ ក្នុងចំណោមប្រទេសនាំចូលដ៏សំខាន់បំផុតសម្រាប់ប្រទេសអាល្លឺម៉ង់។

ប្រភពពី Destatis បានកត់សម្គាល់ថា “សារៈសំខាន់របស់ប្រទេសចិន សម្រាប់ការនាំចូលរបស់អាល្លឺម៉ង់ កំពុងកើនឡើងជាលំដាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Juergen Friedrich ប្រធាន និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Germany Trade & Invest បានលើកឡើងថា ប្រទេសចិនគឺជាទីផ្សារកំណើនដ៏សំខាន់បំផុតមួយរបស់ពិភពលោក ហើយក៏ជាដៃគូដ៏សំខាន់សម្រាប់ប្រទេសអាឡឺម៉ង់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដូចជាជំងឺរាតត្បាតកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ។

លោក Friedrich បានលើកឡើងថា ទំហំសរុបនៃពាណិជ្ជកម្មទ្វេភាគីឈានដល់កំណត់ត្រាថ្មីមួយនៅឆ្នាំ២០២១ ដោយបន្ថែមថាក្រុមហ៊ុនអាល្លឺម៉ង់នៅក្នុងប្រទេសចិន “បន្តបង្ហាញពីចេតនាវិនិយោគ រួមទាំងការធ្វើមូលដ្ឋានីយកម្មនៃផលិតកម្ម និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍” នៅក្នុងប្រទេសចិន។

ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតចិន-អាល្លឺម៉ង់ លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW AG បានលើកឡើងថា “បទពិសោធន៍របស់យើងនៅក្នុងប្រទេសចិន គឺជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ រវាងចិន និងអឺរ៉ុប”។

លោកបានបន្ថែមថា “តាមទស្សនៈរបស់យើង ការសហការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានចំពោះយើងទាំងអស់គ្នា ហើយវាជាគន្លឹះក្នុងការបង្កើតការរីកចម្រើន និងវិបុលភាព”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top