ព័ត៌មានជាតិ

លោក យង់ សាំងកុមារ កំពុងដឹកនាំកសាង រុក្ខវិថីឈើប្រណីតប្រវែង១០គីឡូម៉ែត្រ នៅព្រះវិហារ

ភ្នំពេញ ៖ លោក យង់ សាំងកុមារ អ្នកជំនាញខាងផ្នែកកសិកម្ម និងជាមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) កំពុងដឹកនាំកសាងរុក្ខវិថីឈើប្រណីតប្រវែង១០គីឡូម៉ែត្រ នៅសហគមន៍សម្បូរ សប្បាយខេត្តព្រះវិហារ ។

លោក យង់ សាំងកុមារ បានបញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃ៥ ឧសភាថា គម្រោងរុក្ខវិថីឈើប្រណីតនេះ អាចជាវែងជាងគេនៅកម្ពុជា ។ លោកបន្តថា រុក្ខវិថីឈើនេះ មានដាំដើមធ្នង់ បេង គ្រញូង និងនាងនួន នៅសងខាងផ្លូវ សម្រាប់ផលប្រយោជន៍សហគមន៍។

លោក យង់ សាំងកុមារ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបន្ថែមទៀតនៅថ្ងៃ១០ ឧសភាថា ក្នុងឆ្នាំនេះ ដាំ១ម៉ឺនដើមសិន សម្រាប់ជំហានទី១ ។ មកដល់ពេលនេះ ដាំបានជាង២០០០ដើមហើយ ។

លោកថា “ខ្ញុំរៀបចំឲ្យមានសហគមន៍ឈើប្រណីត១លានដើម ដោយមានការចូលរួមថវិកា ពីប្រជាពលរដ្ឋ ដែលស្រឡាញ់ដើមឈើ។ រុក្ខវិថីឈើប្រណីតជាផ្នែកមួយ ដែលជំហានទី១ គឺការដាំដើមឈើប្រណីត ១០០០០គុម្ព នៅតាមផ្លូវចូលសហគមន៍ ដែលមានប្រវែង១០គីឡូម៉ែត្រ” ។

សម្រាប់ការចូលរួមដាំដើមឈើនេះ លោកថា គឺជាការស្ម័គ្រចិត្តរបស់ពលរដ្ឋ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ តាមគោលការណ៍១ដុល្លារសម្រាប់ឧបត្ថម្ភការដាំ និងថែទាំ១ដើម ៕

To Top