អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃពុធ កុំឲ្យជំទាស់នឹងសកម្មភាពរបស់អង្គការសហប្រជាជាតិ (UN)ដែលបានដាក់បន្ថែមទៀតលើកូរ៉េខាងជើង ដោយព្រមានថា ក្រុមប្រឹក្សាសន្តិសុខ “មិនអាចនៅស្ងៀមទៀតនោះទេ” នៅគ្រាដែលក្រុងព្យុងយ៉ាងរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ ។
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានសំដៅលើ “សមាជិកក្រុមប្រឹក្សា២” ដែលលោកស្រីបានលើកឡើងថា ការអត់ធ្មត់ដោយក្រុមប្រឹក្សានឹងលើកទឹកចិត្តឱ្យកូរ៉េខាងជើង “បញ្ឈប់ការកើនឡើង ហើយជំនួសមកវិញឱ្យងាកមករកតុចរចាគ្នា” ។
លោកស្រី Thomas-Greenfield បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាដែលកោះប្រជុំដោយសហរដ្ឋអាមេរិកស្តីពីការបាញ់មីស៊ីលផ្លោងចុងក្រោយបំផុតរបស់កូរ៉េខាងជើងថា “ច្បាស់ណាស់ ភាពស្ងៀមស្ងាត់ និងការអត់ធ្មត់មិនដំណើរការទេ” ។ “វាដល់ពេលហើយដើម្បីបញ្ឈប់ការផ្តល់ការអនុញ្ញាតដោយសម្ងាត់ ហើយចាប់ផ្តើមធ្វើសកម្មភាព” ។
កូរ៉េខាងជើងបានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦ មកលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ។ សហរដ្ឋអាមេរិក ចង់ឱ្យក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន១៥ បោះឆ្នោតក្នុងអំឡុងខែឧសភា លើដំណោះស្រាយដែលព្រាងដោយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាង ។
លោកស្រី Thomas-Greenfield បានឲ្យដឹងថា “យើងមិនអាចរង់ចាំរហូតដល់ (កូរ៉េខាងជើង) ធ្វើសកម្មភាពបង្កហេតុ ខុសច្បាប់ និងគ្រោះថ្នាក់បន្ថែមទៀត ដូចជាការសាកល្បងនុយក្លេអ៊ែរ” ។ ទីក្រុងវ៉ាស៊ីនតោនបានវាយតម្លៃថា ប្រទេសកូរ៉េខាងជើងអាចត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការធ្វើតេស្តបែបនេះនៅដើមខែនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ មហាអំណាចវេតូដែលមានប្រទេសចិន និងរុស្ស៊ី ប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មបន្ថែមរបស់អង្គការសហប្រជាជាតិ ហើយបាននឹងកំពុងជំរុញឱ្យក្រុមប្រឹក្សាបន្ធូរបន្ថយវិធានការបែបនេះលើប្រទេសកូរ៉េខាងជើង ក្រោមហេតុផលមនុស្សធម៌ ។ សហរដ្ឋអាមេរិក ឲ្យដឹងថាពេលនេះមិនមែនជាពេលវេលាទេ ។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានថ្លែងកាលពីថ្ងៃពុធថា សេចក្តីសម្រេចដែលបានព្រាងដោយសហរដ្ឋអាមេរិកគឺ “មិនមែនជាមធ្យោបាយសមរម្យដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ននោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា