ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាសចក្រ ១គ្រឿងនៅឥណ្ឌា ស្លាប់ពីឡុត២នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាកាសយានិក២នាក់ បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ នៅរដ្ឋ Chhattisgarh ភាគកណ្តាល នៃប្រទេសឥណ្ឌា ។

ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិ របស់រដ្ឋាភិបាល ក្នុងតំបន់បានធ្លាក់ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Raipur រដ្ឋធានី Chhattisgarh ។

នាយករដ្ឋមន្ត្រី Chhattisgarh Bhupesh Baghel បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមថា “នៅក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មនេះ អ្នកបើកយន្តហោះរបស់យើងទាំង២ Captain Panda និង Captain Srivastava បានទទួលមរណភាពយ៉ាងក្រៀមក្រំ” ។

យោងតាមមន្ត្រី បានឱ្យដឹងថា គ្មានអ្នកដំណើរណាម្នាក់ នៅលើយន្តហោះនោះទេ ហើយអ្នកបើកយន្តហោះ បានរងរបួសធ្ងន់ធ្ងរ ។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បានលើកឡើងថា អ្នកបើកយន្តហោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែគ្រូពេទ្យនៅទីនោះ បានប្រកាសថា ពួកគេបានស្លាប់ហើយ ។

របាយការណ៍បានដាក់ថា ឧទ្ធម្ភាគចក្របានធ្លាក់ ខណៈដែលអ្នកបើកយន្តហោះ កំពុងហ្វឹកហាត់ពេលយប់ នៅលើផ្លូវរត់នៃព្រលានយន្តហោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top