ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោសស្រ្តីម្នាក់ ជាប់គុក ១២ ឆ្នាំ ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម កុមារីម្នាក់អាយុ៥ឆ្នំា

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាស សាលដីកាតម្កល់ទណ្ឌកម្ម ពិរុទជន ម្នាក់ ជាប់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ជាប់ ពាក់ព័ន្ធនឹង ការធ្វើទារុណកម្ម និង អំពើ ឃោរឃៅ ទៅលើកុមារីម្នាក់ អាយុ៥ ឆ្នាំ ដោយយកកាំបិតវះមុខ និងអារដៃ ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃ តុលាការកំពូលបានអោយដឹងថា ទណ្ឌិត រូបនេះ មាន ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ ៤៣ ឆ្នាំ មានទីលំនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ ៥ ឆ្នាំ មានទីលំនៅ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិត លីវ ប៊ុនធឿន ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់ឱ្យ សងជម្ងឺចិត្តចំនួន ២០០ លានរៀល ទៅគ្រួសារជនរងគ្រោះ ក្រោមការចោទប្រកាន់ ពីបទ : ប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។

ទណ្ឌិត ឈ្មោះ លីវ ប៊ុនធឿន ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

ដោយ: លីហ្សា

To Top