គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីលោក Mykhailo Podolyak សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន ដែលចូលរួម ក្នុងកិច្ចចរចាសន្តិភាព ជាមួយប្រទេសរុស្ស៊ីថា អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរទឹកដីរបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ីនោះទេ។
លោក Podolyak បានលើកឡើងថា “វាជាមនោគមវិជ្ជា មិនអាចទទួលយកបាន សម្រាប់ពួកយើងក្នុងការផ្តល់អ្វីមួយ ដល់សហព័ន្ធរុស្ស៊ី ហើយធ្វើពុតថា វាជាប្រភេទនៃសង្រ្គាមងាយស្រួល” ។
លោកបានកត់សម្គាល់ថា ជនស៊ីវិលអ៊ុយក្រែន ជាច្រើននាក់ ត្រូវបានសម្លាប់ ឬវាយដំនៅក្នុងជម្លោះ ដែលធ្វើឲ្យអ៊ុយក្រែន មិនអាចធ្វើសម្បទានដល់រុស្ស៊ី បាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Podolyak បានបន្ដថា អ៊ុយក្រែន នឹងមិនយល់ព្រមលើបទឈប់បាញ់ ជាមួយរុស្ស៊ីដោយគ្មានការដកទ័ពនោះទេ ខណៈដែលរុស្ស៊ី នឹងគ្រប់គ្រងផ្នែកមួយ នៃទឹកដីអ៊ុយក្រែន។
លោកក៏បានច្រានចោលការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលស្រដៀងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ដោយលើកឡើងថា វានឹងនាំទៅរកបង្កកជម្លោះ ប៉ុន្តែមិនមែនសន្តិភាព ប្រកបដោយនិរន្តរភាពនោះទេ៕