ព័ត៌មានជាតិ

សម្តេចតេជោ នឹងចូលរួមប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស នាថ្ងៃ២២ ឧសភា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៩ ឧសភានេះ បានឲ្យដឹងថា អញ្ជើញអមសម្តេចតេជោ រួមមាន ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន , លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ ។

ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនក៏ដូចជា ទទួលការចូលជួបសម្តែងការគួរសម ពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើក «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅកម្ពុជា។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយ ជនរួមជាតិខ្មែររស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ ៕

To Top