ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្ម ជាប់ជាប្រចាំ (Video)

ភ្នំពេញ៖ លោក ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្ម ជាប់ជាប្រចាំ ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយភាពឯករាជ្យ ម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជា ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បែបនេះ ស្របពេលដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនបន្តរិះគន់ចំពោះការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នៅក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅតែបង្ហាញពីកង្វល់ជុំវិញ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ទោះបី កម្ពុជាធ្លាប់អះអាងនិងបញ្ជាក់ច្បាស់ ពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ។

ថ្លែងក្នុងពិធីសម្ពោធអគារ ទីបញ្ជាការរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅធានាឱ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាពភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយ និរន្តរភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «ក្នុងន័យនេះ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹង តម្រូវការនៃការបំពេញភារកិច្ច ឱ្យបានមុតស្រួច និងលឿនរហ័ស វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្ម ជាប់ជាប្រចំា ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយភាពឯករាជ្យ ម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជា ការហ្វឹកហ្វឺន និងគ្រឿងបំពាក់» ។

សូមរំលឹកថា ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យ មានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិប៉ុណ្ណោះ។

សម្តេចតេជោបានបញ្ជាក់ថា «ប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើងឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះយើងមិនត្រូវការកងទ័ពបរទេស នៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ»៕

To Top