ព័ត៌មានអន្តរជាតិ

ការងារបោសសម្អាតមីន នៅអ៊ុយក្រែន ក្រោយសង្គ្រាម ត្រូវចំណាយពេល ៥-៧ ឆ្នាំ

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា ការងារលើការបោសសម្អាតទឹកដី នៃប្រទេសអ៊ុយក្រែន ពីគ្រាប់មីន ដែលរាយប៉ាយក្នុងអំឡុង ជម្លោះជាមួយរុស្ស៊ី នឹងចំណាយពេលចន្លោះពី ៥ ទៅ ៧រឆ្នាំ។

អនុរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោកស្រី Mary Akopyan បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូង នៃមជ្ឈមណ្ឌលសម្របសម្រួលអន្តរជាតិ សម្រាប់ការដោះមីនមនុស្សធម៌ នៃប្រទេសអ៊ុយក្រែនថា ទឹកដីអ៊ុយក្រែនប្រហែល ៣០ម៉ឺនម៉ែត្រការ៉េ ពោរពេញដោយសំណល់នៃសង្រ្គាម។

លោកស្រី Akopyan បានលើកឡើងថា អ៊ុយក្រែនកំពុងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើឱ្យដំណើរការបោសសម្អាតទឹកដីរបស់ខ្លួន ពីគ្រាប់មីនកាន់តែមានប្រសិទ្ធភាព។

លោកស្រីបានបន្ថែមថា ជាពិសេសទីក្រុងគៀវកំពុង ពិភាក្សាជាមួយដៃគូបរទេសរបស់ខ្លួន លើការដាក់ពង្រាយបេសកកម្ម បោសសម្អាតមីននៅអ៊ុយក្រែន ។

ទន្ទឹមនឹងនេះ អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន លោក Ihor Zhovkva ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បានឲ្យដឹងថា អ៊ុយក្រែនរំពឹងថា ប្រទេសបារាំង កាណាដា ហ្វាំងឡង់ ស្វីស ស៊ុយអែត សាធារណរដ្ឋឆេក និងប្រទេសដទៃទៀតនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីនរបស់អ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top