បរទេស៖ ប្រទេស អារ៉ាប៊ីសាអូឌីត នឹងរក្សាទំនាក់ទំនងពាណិជ្ជកម្មដ៏ទូលំទូលាយ របស់ខ្លួនជាមួយទាំងអ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាម រដ្ឋមន្ត្រីសេដ្ឋកិច្ច និងផែនការរបស់អារ៉ាប៊ីសាអូឌីត លោក Faisal Al-Ibrahim បាននិយាយកាលពីថ្ងៃអង្គារនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី24 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Nikkei របស់ប្រទេសជប៉ុន លោករដ្ឋមន្ត្រីបាននិយាយថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីគឺ ជា “ឯកតោភាគី” ហើយនឹងនៅតែមានដដែល។ យ៉ាងណាក៏ដោយ លោក Al-Ibrahim ក៏បានសរសើរតួនាទីរបស់ទីក្រុងម៉ូស្គូក្នុងទម្រង់ OPEC+ ដែលបង្រួបបង្រួមអ្នកនាំចេញប្រេងសំខាន់ៗ។
រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតរូបនេះបានពន្យល់ថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ មិនមានគម្រោងបង្កើនទិន្នផលប្រេង ដើម្បីកាត់បន្ថយតម្លៃ ដោយពន្យល់ថា បច្ចុប្បន្នប្រទេសរបស់លោក កំពុងផ្តោតលើស្ថិរភាពការផ្គត់ផ្គង់ ជាជាងបង្កើនបរិមាណឱ្យច្រើន។
លោកបានអះអាងថា ស្ថានភាពនៅលើទីផ្សារថាមពលអន្តរជាតិនឹង “កាន់តែអាក្រក់” ប្រសិនបើមិនមែនសម្រាប់ការខិតខំប្រឹងប្រែងរបស់ OPEC ៕ប្រែសម្រួលៈ ណៃ តុលា