ព័ត៌មានជាតិ

សូមប្រយ័ត្ន ! ជាមួយនឹងអ៊ីម៉ែល ឬសារក្លែងបន្លំជាសារ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ កម្មវិធីការពារមេរោគ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឲ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូល ទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឲ្យក្រុមជនខិលខូចបញ្ចូល កម្មវិធីមេរោគទៅ​ក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ។

ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើន ទសវត្សរ៍មកហើយក្ដី ប៉ុន្តែការ​បោកបញ្ឆោតតាមរបៀបនេះ គឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញ មានជនខិលខូចបានផ្ញើអ៊ីម៉ែល បន្លំធ្វើជាអ៊ីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ កម្មវិធីការពារមេរោគដ៏ល្បីមួយ។

នៅក្នុងអ៊ីមែលនោះជនខិលខូច បានធ្វើការបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ហើយកុំព្យូទ័រ របស់ពួកគេត្រូវបានរកឃើញថាមានមេរោគ។

ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ ឲ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ ពួកគេក៏បានប្រើវិធីសាស្រ្តបញ្ចុះតម្លៃ ដើម្បីបន្តប្រើកម្មវិធី ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ ចុចនៅលើតំណភ្ជាប់នោះវានឹង បើកគេហទំព័រមួយ​ដែលអាចឲ្យពួកគេបញ្ចូលកម្មវិធីមេរោគទៅវិញ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ទាំងឡាយ​ណាដែលលោកអ្នក ទទួលបានតាមរយៈអ៊ីមែល ឬតាមរយៈកម្មវិធីទំនាក់ទំនងសង្គម ជាពិសេសសូមកុំចុចនៅ​លើ​តំណភ្ជាប់ ដែលលោកអ្នកជួបប្រទះនៅក្នុងគេហទំព័រ មួយចំនួនដែលមិនមានប្រភពច្បាស់លាស់ ៕

To Top