ព័ត៌មានជាតិ

CMH ៖ ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំង ដល់សុខុមាលភាពប្រជាជន និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំងទៅ ដល់សុខុមាលភាពប្រជាជន សេដ្ឋកិច្ចជាតិ រួមទាំងបង្កជាបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាពេលថ្មីៗនេះ បានបញ្ជាក់ថា ផ្ទុយពីការពិត ក្រុមហ៊ុនថ្នាំជក់ បានព្យាយាមបង្ហាញទៅកាន់អ្នកបង្កើតគោលនយោបាយ ក៏ដូចជាប្រជាពលរដ្ឋថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ទៅ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ សហគមន៍ សេដ្ឋកិច្ចជាតិ និងបរិស្ថានជាដើម។ យ៉ាងណាមិញ សកម្មភាពដ៏តិចតួចទាំងនោះ វាត្រឹមជាការបំភាន់ បិទបាំងឥទ្ធិពលអាក្រក់នៃឧស្សាហកម្មថ្នាំជក់ និងសាងឈ្មោះក្រុមហ៊ុន និងផលិតផលរបស់ខ្លួនប៉ុណ្ណោះ។

តាមការសិក្សាស្រាវជ្រាវរបស់ អង្គការសុខភាពពិភពលោក បង្ហាញឲ្យដឹងថាជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាប្រមាណ ១៥០០០នាក់ ឬប្រមាណ៤០នាក់ ក្នុង១ថ្ងៃត្រូវបានស្លាប់ដោយសារ តែការប្រើប្រាស់ផលិត ផលថ្នាំជក់។ បើនិយាយពីសេដ្ឋកិច្ច ក៏ត្រូវបានរកការបំផ្លាញយ៉ាងខ្លាំងផងដែរ ដោយក្នុងនោះកម្ពុជាត្រូវបានខាត បង់ថវិការប្រមាណជា ៦៤៩លានដុល្លារជារៀងរាល់ឆ្នាំ គឺស្មើនឹង៣%នៃ GDP របស់កម្ពុជា។

បើយោងតាមមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អ ក្នុងការតួ្រតពិនិត្យផលិតផលថ្នាំជក់ពិភពលោក (GGTC) នៅក្នុងផលិតកម្មថ្នាំជក់នៅលើពិភពលោក បានបំផ្លាញព្រៃឈើយ៉ាងច្រើន គឺប្រមាណជា ៥% នៃព្រៃឈើដែលបាត់បង់សរុប។ ក្នុងមួយឆ្នាំៗវាបានបង្កើត ជាកាកសំណល់រឹងប្រមាណជា ២៥លានតោន ទឹកកខ្វក់ប្រមាណ ៥៥លានម៉ែត្រគូប និងបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ ៨៤លានតោនចូលទៅក្នុងបរិយាកាស។

បន្ថែមពីលើនេះទៅទៀត ប្រេងឥន្ធនៈប្រមាណ ២១ពាន់លានលីត្រ ត្រូវបានបង្ហូរចូលទៅក្នុងទឹក និងប្រើប្រាស់នៅក្នុងដំណើរការ ដុតសម្ងួតផលិតថ្នាំជក់។ ដើម្បីជាការសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ក៏ដូចជាគិតទៅដល់សេដ្ឋកិច្ចជាតិ និងបរិស្ថាន កម្ពុជាគួរតែបង្កើតឲ្យមានគោល នយោបាយដំឡើងពន្ធថ្នាំជក់ ក្នុងគោលបំណងឲ្យបានសម្រេចដល់ ៧៥% នៃតម្លៃលក់រាយ តាមការណែនាំរបស់អង្គការសុខភាព ពិភពលោកដែលធ្វើឲ្យកម្ពុជា អាចជួយសង្គ្រោះប្រជាពលរដ្ឋប្រមាណ ៥៧០០០នាក់ ពីការស្លាប់មុនអាយុ និងបង្ការកុំឲ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើការព្យាបាលប្រមាណ ១៨៩៩លានដុល្លារនៅឆ្នាំ២០៣៣ ។

លើសពីនេះទៅទៀត តាមរយៈគោលនយោបាយ ដំឡើងពន្ធច្បាស់លាស់ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែមប្រមាណ ២៣៥លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ៕

To Top