ព័ត៌មានជាតិ

អនុប្រធាន សសកច ទាមទារឲ្យអាមេរិក បញ្ជាក់ពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ គួរតែមានសុវត្ថិភាព និងតម្លាភាពជាងមុន

ភ្នំពេញ ៖ លោក លីវ ស៊ាវគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច) ក្នុងវេទិកាតុមូលស្តីពី «បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ និងបញ្ហាសុខភាពសាធារណៈ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញជំហរ ក្នុងការទាមទារឲ្យសហរដ្ឋអាមេរិក បញ្ជាក់អំពី មន្ទីរពិសោធន៍ វេជ្ជសាស្ត្រ គួរតែមានសុវត្ថិភាព និងតម្លាភាពជាងមុន ខណៈពិភពលោកទាំងមូល ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីជំងឺកូវីដ១៩ ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន ។

លោក លីវ ស៊ាវគ័ង បន្តថា ចាប់តាំងពីឆ្នា២០២០មក ពិភពលោកទាំងមូល បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានបណ្តាល ឲ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន ។ នៅពេលដែលមេរោគថ្មីៗ នៅតែបន្តបំលែងខ្លួនឥតឈប់ឈរ មនុស្សកាន់តែភ័យខ្លាចថា តើនឹងមានមេរោគផ្សេងទៀត ដែលនឹងបង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្សដែរឬទេ? ហើយវាពិតជាពិបាក សម្រាប់មនុស្សក្នុងការរកវិធានការ បង្ការនិងទប់ស្កាត់។ ជាឧទាហរណ៍ ការផ្ទុះឡើងនៃមេរោគជំងឺអុតស្វា ក្នុងប្រទេសជាច្រើននៅអឺរ៉ុប និងអាមេរិក នាពេលថ្មីៗនេះ កំពុងបង្កឲ្យមានការប្រុងប្រយ័ត្នជាសកល និងការព្រួយបារម្ភ អំពីការរីករាលដាលនៃជំងឺប្រភេទនេះ ។

លោកថា “ទោះបីជានៅតែមាន ការជជែកដេញដោល លើរបកគំហើញនៃមេរោគថ្មីនេះក៏ដោយ ក៏បញ្ហានៃមន្ទីរពិសោធន៍ជីវសាស្រ្ត នៅទូទាំងពិភពលោក បានទាក់ទាញចំណាប់អារម្មណ៍ របស់សាធារណជនយ៉ាងខ្លាំងថា តើមន្ទីរពិសោធន៍ទាំងនេះ បានបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់សុខភាពសាធារណៈដែរឬទេ?”។

អនុប្រធាន សសកច ក៏បានលើកឡើងផងដែរ អំពីការរកឃើញ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកបានបញ្ជាក់ថា “នៅក្នុងខែមីនា ឆ្នាំ២០២២នេះ រុស្ស៊ីបានបង្ហើបថា សហរដ្ឋអាមេរិក បានបង្កើតវិទ្យាស្ថានស្រាវជ្រាវជីវគីមី នៅប្រទេសអ៊ុយក្រែន ដែលមានឯកទេស ក្នុងការសិក្សា អំពីមេរោគសត្វ រួមទាំងប្រចៀវផងដែរ។ យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយសហរដ្ឋអាមេរិកផ្ទាល់ សហរដ្ឋអាមេរិក មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រចំនួន២៦ នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិក ជាអ្នកគ្រប់គ្រងទាំងស្រុង”។

លោកលើកឡើងទៀតថា ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា សហរដ្ឋអាមេរិក បានផ្តល់មូលនិធិជាង២០០លានដុល្លារ ដល់មន្ទីរពិសោធន៍ វេជ្ជសាស្ត្រ នៅអ៊ុយក្រែន ហើយថា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង និងជំងឺរាតត្បាត នៃក្រសួងការពារជាតិអ៊ុយក្រែន បានចូលរួមក្នុងគម្រោងវេជ្ជសាស្ត្រយោធា សហរដ្ឋអាមេរិកមួយនេះ ។ ជាមួយគ្នានេះមានសេចក្តីរាយការណ៍បញ្ជាក់ថា មន្ទីរពិសោធន៍ដែលគ្រប់គ្រង ដោយសហរដ្ឋអាមេរិក បានធ្វើការសាកល្បង ទៅលើខ្លួនមនុស្សទៀតផង ។

លោកអះអាងថា “ក្នុងពិភពលោកសព្វថ្ងៃនេះ ដោយសារតែការវិលត្រឡប់ នៃចិត្តគំនិតសង្រ្គាមត្រជាក់ ភាគីជម្លោះមិនបដិសេធការប្រើប្រាស់ អាវុធវេជ្ជសាស្រ្តនៅពេលមានជម្លោះយោធានោះទេ ហើយនៅពេលដែលពួកគេ ប្រើប្រាស់អាវុធវេជ្ជសាស្ត្រ សុខភាពប្រជាជនសាមញ្ញ នឹងរងទុក្ខជាទីបំផុត ។ ដូច្នេះ ប្រទេសមហាអំណាចធំៗ របស់ពិភពលោក គួរតែពន្យល់ជាសាធារណៈ អំពីអ្វីដែលហៅថា មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ដែលខ្លួនមាន រួមទាំងមេរោគអ្វី ដែលពួកគេកំពុងសិក្សាស្រាវជ្រាវ និងប្រើប្រាស់សម្រាប់គោលបំណងអ្វី? ដើម្បីធានាដល់ប្រជាជន នៃប្រទេសទាំងអស់នូវសុវត្ថិភាព សុខភាពសាធារណៈនិងផែនដីមួយ ប្រកបទៅដោយអនាម័យ” ៕

To Top