ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញទៅសាកសួរសុខទុក្ខ បងប្រុសទី១ របស់សម្ដេច ដែលទើបវិលត្រឡប់ មកពីវះកាត់ នៅទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែសម្ដេចមិនទាន់ហ៊ានប្រាប់ អំពីមរណភាព បងប្រុសទី២នៅឡើយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ល្ងាចនេះ ទៅសួរសុខទុក្ខបងទីមួយ ដែលទើបវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ ក្រោយការវះកាត់ ។ ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តី តែខ្ញុំ នៅតែមិនទាន់ហ៊ានប្រាប់គាត់ ពីមរណភាពបងប្រុសទីពីរ នៅឡើយ»។
សម្ដេចតេជោ បន្ដថា «២ថ្ងៃមុននេះ គឺជាខួបលើកទី៩ ឆ្នាំ នៃមរណភាពភរិយារបស់គាត់ ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំ ជម្រាបគាត់ពីរឿង មរណភាពបងទីពីរទៀត ប្រហែលគាត់ពិបាកទទួល»។
សម្ដេចតេជោ បន្ថែមថា «ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរ នៅពេលដែលបងប្រុសខ្ញុំ លើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំ ទាំង ៦នាក់ថតជាមួយឪពុកខ្ញុំហើយនិយាយ ថា បងប្អូនយើងមាន ៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ប្រុស៣នាក់ដំបូងទើបមានស្រី៣នាក់ជាក្រោយ ដោយពុំមានឆ្លាស់គ្នាស្រី និងប្រុសនោះទេ តែគាត់ពុំបានដឹងថាពេលនេះនៅសល់តែ៥នាក់នោះឡើយ»។
សម្ដេចតេជោ បន្ថែមទៀតថា «ទឹកភ្នែកខ្ញុំស្ទើរតែហូរ ចេញមកហើយ ខ្ញុំបែរមុខទៅម្ខាង និងងាកមកវិញបបួលគាត់ដូរនាឡិកាដៃ ដើម្បីបញ្ចប់នូវរឿង សោកសៅ ។ ទ្រាំរក្សាទុកដំណឹងនេះ មិនឱ្យគាត់ដឹងមួយរយៈសិន ដើម្បីសុខភាពគាត់។ សង្ឃឹមថា បងទីមួយ និងវិញ្ញាណក្ខន្ធបងទីពីរ នឹងយល់ពីការលំបាក របស់ខ្ញុំនៅពេលនេះ» ។
សូមរំលឹកថា សម្ដេចទេពញាណ ហ៊ុន ណេង ទទួលមរណភាព ក្នុងវ័យ៧២ឆ្នាំ ដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២៕