បរទេស៖ គេហទំព័រព័ត៌មានស៊ើបអង្កេតឈ្មោះ iStories បានរាយការណ៍នៅថ្ងៃអង្គារថា ទាហានរុស្ស៊ីជាង 3 000នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីជម្លោះអស់រយៈពេលជាង 3 ខែមកនេះ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យឹងថា គេបានប្រមូលទិន្នន័យប្រភព បើកចំហដើម្បីកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់ការស្លាប់របស់ទាហានរុស្ស៊ី 3 043 នាក់ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម របាយការណ៍ព័ត៌មាន ឬការបញ្ជាក់ដោយសាច់ញាតិ។
ខណៈពេលដែលចំនួននេះទំនងជា មិនឆ្លុះបញ្ចាំងពីការខាតបង់ជាក់ស្តែង របស់រុស្ស៊ីនៅអ៊ុយក្រែន តួលេខនេះលើសពីការប៉ាន់ស្មានផ្លូវការ របស់ក្រសួងការពារជាតិរុស្ស៊ីរួចទៅហើយ។
នៅក្នុងការស៊ើបអង្កេតដាច់ដោយឡែកមួយ សេវារុស្ស៊ីរបស់ BBC ក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកស្លាប់យោធារបស់ ប្រទេសរុស្ស៊ីបានកើនឡើងដល់ 3 000 នាក់នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានផ្ទៀងផ្ទាត់ដោយឯករាជ្យ នូវការស្លាប់របស់ទាហានចំនួន 3 052នាក់ ។
ចុងក្រោយរុស្ស៊ីបានប្រកាសពី ការខាតបង់ផ្នែកយោធារបស់ខ្លួន ក្នុងរយៈពេលជាងមួយខែបន្ទាប់ពី ការលុកលុយរបស់អ៊ុយក្រែនដោយអះអាងថា មានទាហាន 1 351 នាក់ត្រូវបានសម្លាប់។
ការប៉ាន់ប្រមាណផ្សេងទៀត លើចំនួនអ្នកស្លាប់របស់រុស្ស៊ីមានចាប់ពី 15 000 នាក់ដោយក្រសួងការពារជាតិអង់គ្លេស រហូតដល់ជាង 30 000 នាក់ដែលត្រូវបានរាយការណ៍ ដោយមន្ត្រីអ៊ុយក្រែន។
iStories បានរកឃើញថា បួននាក់ក្នុងចំណោមប្រាំនាក់ បានស្លាប់ និងមានអាយុចន្លោះពី 18 ទៅ 35 ឆ្នាំជាមួយនឹងអាយុជាមធ្យម 28 នៅពេលស្លាប់៕
ប្រែសម្រួលៈ ណៃ តុលា