ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត សម្ពោធជាផ្លូវការ រោងចក្រវេចខ្ចប់ កែច្នៃផលិត ផលផ្លែឈើស្រស់ នាំចេញក្រោម ផ្លាក «Made in Cambodia»

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិមន្ទ មេបញ្ជាការកងទ័ពជើងគោក សម្ពោធជាផ្លូវការរោងចក្រវេចខ្ចប់ កែច្នៃផលិត ផលផ្លែឈើស្រស់ ហ៊ីយុនដាយ ម៉ៅលីហ្គើស៊ី, កំពង់ស្ពឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

លោក សូមកោតសរសើរចំពោះដំណើរការ វិវឌ្ឍទៅមុខរបស់ក្រុមហ៊ុន ហ៊ីយុនដាយ ម៉ៅលីហ្គើស៊ី ដែលបន្ទាប់ពីការបើកការដ្ឋាន សាងសង់មក ថ្ងៃនេះខ្សែសង្វាក់ផលិតកម្ម និងការរៀបចំហេដ្ឋាន រចនាសម្ព័ន្ធនានា បានលេចចេញជារូបរាងឡើង ហើយក៏បានចាប់ផ្តើមផលិត និងធ្វើការនាំចេញផ្លែស្វាយស្រស់ ទៅកាន់បរទេសផងដែរ និងសូមចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ចំពោះការទទួលបាននូវសមិទ្ធិផលរោងចក្រវេចខ្ចប់ កែច្នៃផលិតផលផ្លែឈើស្រស់ដ៏ថ្មីសន្លាងមួយនេះ សម្រាប់ធ្វើការនាំចេញកសិផលផ្លែឈើស្រស់ កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកចាត់ទុកថា នេះ គឺជាមោទនភាពជាតិ របស់យើងក្នុងនាមជាខែ្មរ ពីព្រោះការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានលក្ខខណ្ខតម្រូវស្តង់ដារខ្ពស់ ដូច្នេះការដែលយើងអាចជ្រៀតមុខទំនិញកសិផលរបស់ យើងចូលទៅក្នុងទីផ្សារទាំងនោះបាន គឺបានបញ្ជាក់អំពីសមត្ថភាពទំនិញរបស់យើងជាពិសេសស្តង់ដារ គុណភាព និងសុវត្ថិភាព ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងអាចបម្រើដល់តម្រូវការបស់ទីផ្សារពិភពលោក ចូលរួមចំណែកមួយផ្នែកក្នុងការលើកស្ទួយដល់កិត្យានុភាព ជាតិនៅលើឆាកអន្តរជាតិ តាមរយៈស្លាក យីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ។

លោក ក៏សូមកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលចូលរួមជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ហើយជ្រុងមួយទៀត គឺវិស័យកសិ-ឧស្សាហកម្ម ដែលមានអត្ថប្រយោជន៍ច្រើន ទាំងការបង្កើនការងារ និងការធានានូវតម្លៃរបស់ទិន្នផលកសិកម្ម ដើម្បីជួយដល់ប្រជាកសិករ។

លោក ម៉ាណែត វាយតម្លៃថា ការសហការវិនិយោគបណ្តាក់ទុនរួមគ្នា រវាងវិនិយោគិនកម្ពុជាជាមួយនឹងដៃគូធុរកិច្ចកូរ៉េនៅក្នុងក្រុមហ៊ុនហ៊ីយុនដាយ ម៉ៅលីហ្គេស៊ី ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មក្នុងសន្ទុះ និងទំហំថ្មីមួយ ដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចជាតិផង ព្រមទាំងបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនផង។ ទាំងអស់នេះ គឺជាការចូលរួមចំណែកពង្រឹងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំជាប់ៗគ្នាមកនេះ ឱ្យកាន់តែរឹងមាំ។ កំណើនបែបនេះ មិនមែនកើតទ្បើងដោយងាយស្រួលនោះទេ វាគឺជាលទ្ធផលនៃការបូកបញ្ចូលគ្នានៃកំណើនលើគ្រប់វិស័យទាំងអស់ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជន។

លោក ចាប់អារម្មណ៍ថា ការចាប់ដៃគូធុរកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីកិច្ចសហប្រតិបតិ្តការទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលកិច្ចសហប្រតិបត្តិការទ្វេភាគីនេះកើតចេញមកអំពីចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏កំពុងមានភាពរឹងមាំកាន់តែខ្លាំងទ្បើងលើគ្រប់វិស័យ ដែលពិតជាបានផ្តល់នូវភាពងាយស្រួល និងលទ្ធភាពកាន់តែខ្ពស់ដល់ធុរជន និងវិនិយោគិនកូរ៉េ ក្នុងការមកបណ្ដាក់ទុនវិនិយោគបន្ថែម និងធ្វើឲ្យប្រតិបត្ដិការអាជីវកម្មរបស់ពួកគេនៅកម្ពុជាកាន់តែរីកធំធាត់លូតលាស់ល្អ។

លោកឧត្តមសេនីយ៍ លើកឡើងទៀតថា ចក្ខុវិស័យដ៏ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បាននាំមកផងដែរនូវសន្តិភាព ដ៏ស្រស់បំព្រងដល់ដែនដីកម្ពុជា។ សន្តិភាព បានផ្តល់នូវសាធុកាពរដ៏ច្រើនអនេកមកដល់ជាតិ និងប្រជាជនកម្ពុជា ហើយអ្វីដែលយើងកំពុងឃើញជាក់ស្តែងនាពេលនេះ គឺឱកាសសម្រាប់កម្ពុជាក្នុងការទាញយកប្រយោជន៍ពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេសជាដៃគូ ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ មានតែសន្តិភាពទេ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ។ សូមអរគុណសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ, សូមអរគុណអ្នករកសន្តិភាព និងសូមនាំគ្នាថែរក្សាកុំឱ្យបាត់បង់។ ការរួបរួមគ្នាថែរក្សា សន្តិភាពនេះ គឺត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ។

ជាមួយនឹងការជួយគាំទ្រ ការលើកទឹកចិត្ត និងការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការណ៍ថ្មីៗជាច្រើនក្នុងរយៈកាលកន្លងមកនេះ ក្រុមហ៊ុនអាចនឹងបន្តរីកចម្រើនកាន់តែខ្លាំង និងរឹងមាំឡើងជាលំដាប់ សំដៅធានាបាននូវភាពជោគជ័យផ្ទាល់របស់ក្រុមហ៊ុន ក៏ដូចជារបស់វិស័យឯកជនទាំងមូលនៅកម្ពុជា ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។

To Top