បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា តួកគីនឹង ចាប់ផ្តើមឈានមួយជំហ៊ានទៀត ដើម្បីកិច្ចខិតខំប្រឹងប្រែង បង្កើតត៉បន់សន្តិសុខ តាមព្រំដែន ឲ្យមានទំហំទៅដល់៣០គីឡម៉ែត្រ ស្ថិតនៅភាគខាងត្បូង ជាប់នឹងស៊ីរី។
តាមរយៈសន្ទរកថានេះ លោកប្រធានាធិបតី បានអះអាងថា តួកគី នឹងរៀបចំប្រតិបត្តិការយោធាពិសេសមួយ ដែលធ្វើឡើង ក្នុងគោលបំណង ប្រឆាំងទៅនឹងភេវរកម្ម ហើយ មានគោលដៅសំខាន់ វាយប្រហារទៅលើក្រុមប្រយុទ្ធ ភេវរកម្ម ដែលស្ថិតនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសស៊ីរី ដូចជាទីក្រុង Tal Rifat និង Manbij ជាដើម។
ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតី នៅមិនបានបញ្ជាក់អំពីពេលវេលាច្បាស់លាស់ ក្នុងការបើកប្រតិបត្តិការ ឬសូម្បីតែចំនួននៃយោធា ដែលនឹងត្រូវចូលរួម ក្នុងប្រតិបត្តិការ នេះនៅឡើយទេ។
គួរឲ្យដឹងដែរថា កងកម្លាំងប្រយុទ្ធឃឺដ ដែលស្ថិតនៅភាគខាងជើង ប្រទេសស៊ីរី គឺជាក្រុមឧទ្ទាម Kurdistan Worker Party (PKK) ដែលតួកគី បានចាត់ចូលជាក្រុម ផ្តល់ការគម្រាមកំហែង និងជាក្រុមភេវរកម្ម សម្រាប់តួកគីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី