នយោបាយ

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បន្តក្រើនរំលឹកដល់សមាជិក សមាជិកាឲ្យត្រៀមខ្លួន ទៅបោះឆ្នោតជូនបក្ស ឱ្យបានគ្រប់ៗគ្នា

កំពង់ចាម៖ ខណ:ពេលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ជិតចូលមកដល់នេះ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបន្តក្រើនរំលឹកដល់សមាជិក សមាជិកាបក្សទាំងអស់ ឱ្យត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជូន គណ:បក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ។

ការថ្លែងរំលឹកដូច្នោះ លោកប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានលើកឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ខណ:ពេលអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកុក ក្រុងកំពង់ចាម ប្រមាណជា ៥០០នាក់ ។

ក្រៅពីការថ្លែងកោតសរសើរ និងអរគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងកុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការ ជាប្រយោជន៍ដល់គណបក្ស និងប្រជាពលរដ្ឋនាពេលកន្លងមក លោក អ៊ុន ចាន់ដា បានយកឱកាសនោះផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ សូមថែរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុង និងសូមកុំជឿតាមការញោះញុងរបស់អ្នកដ៏ទៃ ហើយត្រូវត្រៀមខ្លួន ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ ដើម្បីគាំទ្រឱ្យអាជ្ញាធរមូលដ្ឋាន បន្តដឹកនាំ ធ្វើការអភិវឌ្ឍន៍ និងបម្រើដល់ប្រជាពលរដ្ឋឲ្យមាន ការរីកចម្រើនជាបន្តទៀត ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា ទោះយ៉ាងណាក៏ដោយមកដល់ពេលនេះ សូមបងប្អូនជាសមាជិក សមាជិកាបក្សក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវបង្កើនការរួមសាមគ្គីគ្នា ក្រោមដំបូលនៃគ្រួសារគណបក្សប្រជាជនកម្ពុជា ដោយមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សរបស់យើង ដែលសម្ដេចតែងតែផ្តល់ជាម្លប់ដ៏ត្រជាក់ ផ្ដល់នូវភាពជឿជាក់ និងក្តីសង្ឃឹមថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចនាំមកនូវសុខសន្តិភាពបានយូរអង្វែង និងនាំមកនូវការអភិវឌ្ឍដល់មូលដ្ឋាន និងនាំមកនូវការរីកចម្រើន ជាពិសេសគឺការលើកស្ទួយនូវ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ៕

To Top