ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ យកអស់កម្លាំងកាយចិត្ត ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតជោគជ័យ (Video)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យរយៈពេល ២៦ថ្ងៃមកនេះ មិនមានឆ្លងនៅកម្ពុជា ។

ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការជោគជ័យទៅលើការគ្រប់គ្រងជម្ងឺកូវីដ-១៩ ទៅតាមការដឹកនាំ របស់សម្តេចតេជោហ៊ុន សែន គឺពិតជា មានការចូលរួមចំណែក មិនអាចខ្វះបានពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួន បានឆ្លងនូវជម្ងឺកាចសាហាវនេះ ក៏ដោយក៏បងប្អូនមិនរុញរា តស៊ូជាមួយសម្តេចតេជោ រហូតទទួលបានជោគជ័យ ដែលបានធ្វើអោយប្រទេសជាតិ វិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបំរើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកសូមអោយបន្តខិតខំបំរើសេវានេះ អោយកាន់តែល្អបន្ថែមទៀត។ បន្ថែមពីនេះ លោកឃួង ស្រេង សូមអោយបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតបអោយ បានគ្រប់គ្នានៅថ្ងៃទី៥ មិថុនានេះ ។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជា ហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល ។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជា ដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ខ្នង និងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើន រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកឃួង ស្រេង សូមអោយប្អូនៗជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពី ប្រវត្តសាស្ត្រពិតរបស់កម្ពុជា ពិសេសនៅក្នុងរបបប៉ុលពត និងពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន បើគ្មានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ៕

To Top