ព័ត៌មានអន្តរជាតិ

អព្យាក្រឹត៖ ស្វីស ហាមសមាជិករបស់ណាតូ បញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍ SRF បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលស្វីសបានវេតូ (ប្រឆាំង ឬជំទាស់) លើសំណើរបស់ប្រទេសដាណឺម៉ាក ក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងរថពាសដែកដែល ផលិតដោយប្រទេសស្វីស ដោយលើកឡើងពីគោលនយោបាយ អព្យាក្រឹតភាពរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Copenhagen គ្រោងនឹងបរិច្ចាគរថពាសដែក Piranha III ដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយរុស្ស៊ី។ យ៉ាងណាក៏ដោយ លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច របស់រដ្ឋស្វ៊ីសបានច្រានចោលសំណើ ដើម្បីបញ្ជូនយានជំនិះប្រហែល ២០ គ្រឿងទៅក្រុងគៀវ។

កន្លងមក ប្រទេសដាណឺម៉ាក បានប្តេជ្ញាដោយខ្លួនឯងថា នឹងមិននាំចេញអាវុធដែលផលិតដោយស្វីស ទៅប្រទេសផ្សេងទៀតដោយគ្មាន ការយល់ព្រមពីប្រទេស ស្វីស ឡើយ។

ខណៈដែលប្រទេសស្វីសបានបោះបង់ចោលផ្នែកខ្លះនៃគោលនយោបាយ អព្យាក្រឹតភាពយូរអង្វែងរបស់ខ្លួន ក្នុងការចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹង រុស្ស៊ីជុំវិញការវាយលុកដោយយោធា ប្រឆាំងនឹងអ៊ុយក្រែន មក រដ្ឋាភិបាលទីក្រុង Bern បាននិយាយថា អព្យាក្រឹតភាពរបស់ខ្លួនមិនអនុញ្ញាតឱ្យ ផ្តល់អាវុធសម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ជម្លោះនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top