ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ម៉ែន សំអន បិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងប្រធានគណបក្ស ខេត្តស្វាយរៀង ព្រមទាំង ក្រុមការងារគណបក្សចុះជួយ ឃុំ សង្កាត់ ក្នុងខេត្តស្វាយរៀង គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្ស ឃុំ សង្កាត់ ព្រមទាំងសមាជិក សមាជិកា យុវជន ជាង ៥.០០០នាក់ ។

សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នា គោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តស្វាយរៀង។

លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើ សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំ សង្កាត់ ដោយយកភ្ជាប់ជា មួយខ្លួន នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្ត សញ្ញាណ(ឯ.អ) ឱ្យបានគ្រប់ៗគ្នាកុំបីខាន។

សូមបញ្ជាក់ថានៅខេត្តស្វាយរៀង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥មានចំនួន ៩ គណបក្សរួមមាន៖ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣. គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ទី៥.គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទី៦.គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន ទី៧.គណបក្សយុវជនកម្ពុជា ទី៨.គណបក្សកម្ពុជានិយម ទី៩.គណបក្សសញ្ជាតិកម្ពុជា។

ក្នុងនោះគណបក្ស ដែលបានឈរឈ្មោះ ជាបេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ មានបេក្ខជនឈរឈ្មោះច្រើន ជាងគេក្នុងឃុំសង្កាត់ទាំង៨០ ឃុំ/សង្កាត់គឺ គណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះបេក្ខជន ៨០ ឃុំសង្កាត់, គណបក្សភ្លើងទៀន មានបេក្ខជនឈឈ្មោះ ៧៩ ឃុំ/សង្កាត់៕

To Top