ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវ ពលរដ្ឋឲ្យយកចិត្តទុកដាក់ ការបរិភោគអាហារ ជៀសវាងអាហារ ហួសសុពលភាព

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ទៅលើការបរិភោគ ចំណីអាហាររបស់ខ្លួន ជៀសវាងប្រើប្រាស់ម្ហូបអាហារ ណាហួសសុពលភាព ឬក៏អាហារទុកយូរ អាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព ។

តាមរយៈសារសំឡេង ដើម្បីចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពចំណីអាហារ» ក្រោមប្រធានបទ «ចំណីអាហារមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរឡើង» នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ការរស់នៅ របស់បុគ្គលគ្រប់ៗរូប គឺពឹងផ្អែកទៅលើការបរិភោគម្ហូប អាហារដ៏ត្រឹមត្រូវ សម្រាប់ការលូតលាស់ ក៏ដូចជាការថែបំប៉នសុខភាព សុវត្ថិភាពចំណីអាហារ គឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់រក្សាបាននូវសុខភាពល្អ របស់ប្រជាពលរដ្ឋទូទៅ ។

លោកស្រីបន្ដថា ចំពោះការបរិភោគចំណីអាហារ ដោយមិនបានអនុវត្តត្រឹមត្រូវ តាមគោលការណ៍អនាម័យ ក៏ដូចជាការរក្សា បានសុវត្ថិភាពចំណី នឹងផ្តល់ផលប៉ះពាល់ធំ ដល់សុខភាព គ្រប់គ្នានឹងអាចឈាន ទៅរកការបាត់បង់ជីវិតផងដែរ ។ លោកស្រីថា ការរក្សាបានចំណីអាហារ សម្រាប់បរិភោគប្រចាំថ្ងៃ ឲ្យបានគ្រប់គ្រាន់ គឺជាចំណុចមួយ ដែលបុគ្គលគ្រប់រូបត្រូវយកចិត្តទុកដាក់។

លោកស្រីបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ ទៅលើការបរិភោគ ចំណីអាហាររបស់ខ្លួន ធ្វើការផ្គត់ផ្គង់នូវម្ហូបអាហារនេះ ជូនទៅដល់ក្រុមគ្រួសារ ជាពិសេ សមាតាបិតា អាណាព្យាបាល ដោយការបីបាច់ថែរក្សាកូន ចៅរបស់ខ្លួននេះ ក៏សូមអនុវត្តន៍ឲ្យបានល្អត្រឹមត្រូវ នូវសុវត្ថិភាពអនាម័យចំណីអាហារឲ្យបានល្អ ជៀសវាងយើងប្រើប្រាស់ នូវម្ហូបអាហារណាដែលហួសសុពលភាព ឬក៏អាហារដែលទុកយូរ ដែលអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់សុខភាពយើង»។

បន្ថែមពីលើនេះ លោកស្រី ក៏បានណែនាំដល់ពលរដ្ឋ រក្សាអនាម័យដៃស្អាតមុនពេលបរិភោគ ក៏ជាកត្តារួមផ្សំដ៏ធំដែលមាតាបិតា ឬអាណាព្យាបាល ណែនាំកូនៗសម្អាតដៃឲ្យបានស្អាតសិន មុនពេលទទួលទានអាហារ ហើយអ្នកធ្វើម្ហូបត្រូវលាងសម្អាតបន្លែឲ្យបានស្អាត និងត្រូវចម្អិនឲ្យបានឆ្អិនល្អ ។

ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា ចំពោះការដាំដុះបន្លែ និងផ្លែឈើ ក៏ដូចជា ដំណាំផ្សេងៗ ត្រូវអនុវត្តតាមបែបធម្មជាតិ គឺប្រើជីធម្មជាតិ ជៀសវាងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ៕

To Top