ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បង្ហោះយន្តហោះចម្បាំងបំបាំងកាយ ពីលើឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើង ធ្វើតេស្តមីស៊ីល

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហោះហើរយន្តហោះចម្បាំង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ ពីលើដែនទឹកជុំវិញ ឧបទ្វីបកូរ៉េ នៅថ្ងៃអង្គារនេះ ដែលជាការបង្ហាញកម្លាំងថ្មី បន្ទាប់ពីការធ្វើតេស្តមីស៊ីល កាលពីនាពេលថ្មីៗនេះ ដោយកូរ៉េខាងជើង។

អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា យន្តហោះចម្បាំងកូរ៉េខាងត្បូងចំនួន១៦គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35 និងយន្តហោះ F-16 របស់សហរដ្ឋអាមេរិក ចំនួន៤គ្រឿង បានបង្កើតក្រុមវាយប្រហារលើ សមុទ្រខាងលិច ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រលឿង ដើម្បី “ឆ្លើយតបទៅនឹងការគំរាមកំហែង របស់សត្រូវ” សម្ព័ន្ធមិត្ត “បានបង្ហាញពីសមត្ថភាព និងឆន្ទៈដ៏ខ្លាំងក្លារបស់ពួកគេ ក្នុងការវាយប្រហារយ៉ាងឆាប់រហ័ស និងត្រឹមត្រូវប្រឆាំងនឹងការបង្កហេតុណាមួយពីកូរ៉េខាងជើង”។

សមយុទ្ធដែនអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងប្រហែល២០គ្រឿង បានកើតឡើងមួយថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្ត បានបាញ់មីស៊ីលផ្លោង ចំនួន៨គ្រាប់ ចូលទៅក្នុងសមុទ្រជប៉ុន បន្ទាប់ពីការធ្វើតេស្តអាវុធ កាលពីថ្ងៃអាទិត្យ របស់ទីក្រុងព្យុងយ៉ាង ។

ក្រុមអ្នកវិភាគបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់ ពីទីតាំងចំនួន៩ផ្សេងគ្នាក្នុងរយៈពេល៣០នាទី ដែលជាការសាកល្បងដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ។

ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ បានអនុវត្តការធ្វើតេស្តអាវុធ ទប់ទល់នឹងការដាក់ទណ្ឌកម្មនៅក្នុងឆ្នាំនេះ រួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ក្នុងរយៈចម្ងាយឆ្ងាយ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។

មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានព្រមានជាច្រើនសប្តាហ៍ថា របបដឹកនាំរបស់លោក គីម ជុងអ៊ុន កំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរថ្មីទៀត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top