បរទេស៖ ប៉ូលីសស៊ុយអែត បានសម្តែងការព្រួយបារម្ភថា អាវុធដែលផ្តល់ទៅឱ្យអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិច អាចធ្វើដំណើរ (ហូរ) ទៅកាន់ប្រទេសស៊ុយអែត ដោយបញ្ចប់ នៅក្នុងដៃនៃក្រុមឧក្រិដ្ឋជន នៅពេលដែលជម្លោះ បានបញ្ចប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុស៊ុយអែត កាលពីថ្ងៃច័ន្ទ ស្នងការផ្នែកឧក្រិដ្ឋកម្ម លោក Gunnar Appelgren បានព្រមានថា “ប្រហែលជាមានហានិភ័យខ្ពស់ ដែលលំហូរនៃអាវុធខុសច្បាប់ នឹងចូលមកប្រទេសស៊ុយអែត” នៅពេលដែលសន្តិភាព ត្រូវបានស្តារឡើងវិញនៅអ៊ុយក្រែន។
មន្ត្រីរូបនេះបានពន្យល់ថា ខណៈពេលដែលសព្វាវុធ ប្រហែលជាមានតម្រូវការខ្ពស់ នៅក្នុងតំបន់ជម្លោះ របស់ប្រទេស នៅពេលដែលអរិភាព ត្រូវបានបញ្ចប់ ប្រជាជនអ៊ុយក្រែននឹងរកឃើញថាខ្លួន មានអាវុធលើសចំណុះ ដូច្នេះ ក្រុមឧក្រិដ្ឋជនអាចព្យាយាម រកប្រាក់ពីស្ថានភាពនេះ, នេះបើយោងតាម លោក Appelgren ។
ស្នងការប៉ូលីសបានកត់សម្គាល់ថា សព្វាវុធភាគច្រើនដែលប្រើដោយក្រុមឧក្រិដ្ឋជន ក្នុងប្រទេសស៊ុយអែត មានប្រភពចេញពីសង្រ្គាម បាល់កង់ នៃទសវត្សរ៍ឆ្នាំ 1990 ។ លោក Appelgren បានបន្ថែមថា “អាវុធស្វ័យប្រវត្តិជាច្រើន បានចូលមកគឺមាន AK47” ដោយបន្ថែមថា គ្រាប់បែកដៃក៏បានហូរចូលប្រទេសស៊ុយអែត កាលពីប៉ុន្មានឆ្នាំមុនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា