ភ្នំពេញ ៖ សមត្ថកិច្ចខេត្តសៀមរាប កាលពីថ្ងៃ៧ មិថុនា បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ក្នុងករណីបំផ្ទុះគ្រាប់រំសេវនៅលើផ្លូវបេតុង ខាងកើតស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ចម្ងាយប្រហែល១៥ ម៉ែត្រ ក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃ៣មិថុនា ។ នេះបើតាមស្នងការដ្ឋាន នគរបាលខេត្តសៀមរាប។
ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ ៖ ១. ឈ្មោះសេង សុកន ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅប្រទេសថៃ ទីលំនៅបច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ។ ២. ឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្រោយពេលសួរនាំជនសង្ស័យសារភាពថា ខ្លួនត្រូវបានឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង ប្រាប់ថាមានគេវាយនៅសួនបឹងកាឡូ ហើយជនសង្ស័យឈ្មោះ សេង សុកន ប្រាប់ទៅឈ្មោះរ៉ន ដារ៉ុង ហៅ ហ៊ីង ថាខ្លួនចេះផលិតរំសេវផ្ទុះពេលនៅថៃ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង បានឲ្យលុយចំនួន ២៥០០០រៀល ទៅទិញផាវគ្រាប់បាល់ យកមកផលិតជាគ្រឿងផ្ទុះ ពេលបានប្រាក់ហើយជនសង្ស័យ ក៏បានទៅទិញ ផាវគ្រាប់បាល់ ចំនួន ៥០គ្រាប់ ហើយយកមកផលិត ជាមួយនឹងឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ដោយយករំសេវផាវគ្រាប់បាល់ មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ ហើយរុំស្គុតឲ្យណែន ហើយផលិត បានចំនួន ៥ គ្រាប់ ។ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើ ដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយគេនោះអង្គុយលេង ។
លុះដល់ថ្ងៃកើតហេតុជនសង្ស័យឈ្មោះសេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុ ហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ ១គ្រាប់ បណ្តាលឲ្យផ្ទុះ រួចបើកម៉ូតូរត់គេចខ្លួន ដោយសកម្មភាពនេះខ្លួនធ្វើតែម្នាក់ឯង ។ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃ ចំនួន៤គ្រាប់ ដែលនៅសល់យកមកហែក បោះចោលតាមផ្លូវ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ៕