ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ១៤នាក់ ក្នុងពេលប៉ះទង្គិចគ្នា ក្នុងក្រុមជីករ៉ែមាស នៅភាគខាងត្បូងប៉េរូ

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា ការិយាល័យសុភាចារបុរសក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាងក្រុមអ្នកជីករ៉ែមាសខ្នាតតូចនៅក្នុងតំបន់ Arequipa ភាគខាងត្បូងនៃប្រទេសប៉េរូ ។

សាកសពចំនួន ៧នាក់ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ ដោយមានរបួសដោយសារគ្រាប់កាំភ្លើង ហើយចំនួន៧នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃអង្គារ ខណៈដែលសាកសពជាច្រើនទៀត អាចត្រូវបានរកឃើញ ខណៈដែលមនុស្សមួយចំនួននៅតែបាត់ខ្លួន ។ រដ្ឋអាជ្ញា Arequipa Maria del Rosario Lozada បានប្រាប់ដល់បណ្តាញព័ត៌មានប៉េរូ Radio Programas del Peru យ៉ាងដូច្នេះ ។

យោងតាមកាសែតក្នុងស្រុក El Comercio បានចុះផ្សាយថា អំពើហឹង្សាបានផ្ទុះឡើង កាលពីថ្ងៃទី២ ខែមិថុនា នៅក្នុងតំបន់ជម្លោះមួយហៅថា Huanaquita នៅក្នុងស្រុក Atico ខេត្ត Caraveli ។

លោក Lozada បានលើកឡើងថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៣១នាក់ ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ហើយនឹងដំណើរការការធ្វើតេស្តគ្រាប់ផ្លោង និងគ្រាប់រំសេវដែលបានរកឃើញ ដើម្បីកំណត់តួនាទីរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍នេះ ។

ការិយាល័យព្រះរាជអាជ្ញា កំពុងវិភាគលើខ្សែវីដេអូ និងសំឡេងនៃឧប្បត្តិហេតុដើម្បី កំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top