ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាត់បង់កងទ័ពជួរមុខ ពី១០០ទៅ២០០នាក់ ជារៀងរាល់ថ្ងៃ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បច្ចុប្បន្នបានបាត់បង់ជីវិត នៃកងកម្លាំងយោធារបស់ខ្លួននៅតំបន់ជួរមុខ ពី១០០ទៅ២០០នាក់ជារៀងរាល់ថ្ងៃ ក្នុងពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំង ទៅនឹងការលុកលុយរបស់រុស្សី។

ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជំនួយការជាន់ខ្ពស់ម្នាក់ របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymry Zelensky ហើយបានបញ្ជាក់ទៀតដែរថា អ៊ុយក្រែនបច្ចុប្បន្នពិតជាកំពុងត្រូវការជំនួយ កាំភ្លើងធំជាច្រើនទៀត ពីលោកខាងលិចដើម្បីអាចមានលទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងរុស្សី បានជាពិសេសនៅក្នុងតំបន់ភាគខាងកើត Donbas។

ទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបញ្ជាក់ដែរថារដ្ឋាភិបាល ទីក្រុងគៀវនៅមិនទាន់រួចរាល់នៅឡើយ ក្នុងការបើកកិច្ចចរចាដើម្បីសន្តិភាពសាជាថ្មី ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។

លោកបន្តសង្កត់ធ្ងន់បែបនេះទៀតថា៖ រុស្សីបានប្រើប្រាស់អ្វីគ្រប់យ៉ាង ដែលពួកគេមានលើកលែង តែនុយក្លេអ៊ែរដើម្បីយកទៅប្រយុទ្ធនៅតំបន់ជួរមុខ ដែលក្នុងនោះរួមមាន ទាំងប្រព័ន្ធកាំភ្លើងធំ ប្រព័ន្ធបាញ់រ៉ូក្កែត ព្រមទាំងប្រព័ន្ធប្រយុទ្ធតាមអាកាសផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top