ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ចុះហត្ថលេខាលើក្រិត្យ ស្តីការដាក់ទណ្ឌកម្ម លើប្រធានាធិបតីរុស្ស៊ី

គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើក្រឹត្យចំនួន២ ដាច់ដោយឡែកពីគ្នា ដែលដាក់ទណ្ឌកម្មលើលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងមន្ត្រីរុស្ស៊ីជាង២០០នាក់ ។

ការរឹតបន្តឹងដែលផ្តោតលើ លោក ពូទីន បានហាមឃាត់គាត់ពីប្រតិបត្តិការ ពាណិជ្ជកម្មដូចជាការនាំចេញ និងនាំចូលឆ្លងកាត់ទឹកដីអ៊ុយក្រែន និងចូលរួមក្នុងការធ្វើឯកជន ភាវូបនីយកម្ម នៃទ្រព្យសម្បត្តិរដ្ឋរបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា ទណ្ឌកម្មក៏រួមបញ្ចូលទាំងការ បង្កកទ្រព្យសម្បត្តិ និងការហាមប្រាមក្នុងការប្រើប្រាស់ធនធានប្រេកង់វិទ្យុរបស់អ៊ុយក្រែនផងដែរ ។

វិធានការរឹតត្បិតដូចគ្នានេះ នឹងអនុវត្តចំពោះមន្ត្រីកំពូលចំនួន៣៤នាក់ រួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នេះបើយោងតាមក្រឹត្យខាងលើបានដាក់ដូច្នេះ ។

លើសពីនេះទៅទៀត ក្រឹត្យនេះបានដាក់ទណ្ឌកម្មលើគ្រឹះស្ថានឧត្តមសិក្សា ចំនួ២៦៣កន្លែង ។

ក្រោមវិធានការរឹតត្បិត គ្រឹះស្ថានអប់រំរុស្ស៊ី មិនអាចធ្វើការផ្លាស់ប្តូរវប្បធម៌ វិទ្យាសាស្ត្រ និងកីឡាជាមួយមិត្តភក្តិអ៊ុយក្រែនរបស់ពួកគេបាននោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top