តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nobuo Kishi បានបញ្ជូនសារទៅកាន់សមភាគីចិន កាលពីថ្ងៃអាទិត្យ ពីក្តីបារម្ភជុំវិញការហោះហើររួមគ្នា នាពេលថ្មីៗនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ី នៅជិតប្រទេសជប៉ុន ជា “ការបង្ហាញកម្លាំង” ប្រឆាំងនឹងប្រជាជាតិ របស់លោក។
លោក Kishi បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅប្រទេសសិង្ហបុរីថា លោកបានអំពាវនាវឱ្យមាន “ការអត់ធ្មត់ដោយខ្លួនឯង” របស់ចិននៅក្នុងសមុទ្រចិន ខាងកើត និងខាងត្បូង ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ “ការប៉ុនប៉ងឯកតោភាគី ដែលកំពុងបន្តរបស់ទីក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរស្ថាន ភាពដោយកម្លាំង” ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីទាំងពីរ បានយល់ព្រមលើកកម្ពស់អន្តរកម្ម និងការសន្ទនារវាងអាជ្ញាធរ ការពារជាតិ នៃទីក្រុងតូក្យូ និងទីក្រុងប៉េកាំង យោងតាមលោក Kishi ដែលបាន លើកឡើងថា “ចាប់តាំងពីទំនាក់ទំនងជប៉ុន-ចិន មានបញ្ហាកង្វល់ យើងចាំបាច់ត្រូវមានការប្រាស្រ័យ ទាក់ទងគ្នាដោយស្មោះត្រង់”។
លោក Kishi និងលោក Wei បានជួបគ្នានៅខាងក្រៅ នៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីរយៈពេលបីថ្ងៃរហូតដល់ថ្ងៃអាទិត្យ ដែលត្រូវបានគេស្គាល់ផងដែរថា ជាកិច្ចសន្ទនា Shangri-La ។ កិច្ចពិភាក្សានេះ គឺជាការជួបផ្ទាល់លើកដំបូង រវាងប្រមុខការពារជាតិ នៃប្រទេសជិតខាងទាំងពីរ ចាប់តាំងពីខែធ្នូឆ្នាំ២០១៩ ។
កាលពីចុងខែមុន យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិន និងរុស្សី ៦គ្រឿង បានហោះចម្ងាយឆ្ងាយលើសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិក នេះបើយោងតាមក្រសួងការពារជាតិជប៉ុន ក្នុងការតវ៉ាជាក់ស្តែងនៅឯកិច្ចប្រជុំកំពូលរបស់ប្រទេសជប៉ុន ជាមួយរដ្ឋអូស្ត្រាលី និងឥណ្ឌា នៅទីក្រុងតូក្យូ បានប្រារព្ធធ្វើនៅថ្ងៃតែមួយ ៕
ប្រែសម្រួល ឈូក បូរ៉ា