ព័ត៌មានជាតិ

គយ នឹងចុះបង្ក្រាបរថយន្ដគ្មានពន្ធចាប់ ពីថ្ងៃទី ១ កក្កដា (Video)

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ គយ នឹងចុះបង្ក្រាបរថយន្ដគ្មានពន្ធ ខណៈរថយន្ដចង្កូតស្ដាំបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជា គ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៣ មិថុនា បានបញ្ជាក់ថា យុទ្ធនាការប្រមូលពន្ធ និងអាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹម ថ្ងៃទី៣០ មិថុនា។

អគ្គនាយកដ្ឋានគយ បានរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញ កាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្ដាំ) ឲ្យបានទាន់ថ្ងៃឱសានវាទនេះ។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់បន្ថែមថា «ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគរ នឹងអនុវត្តវិធានការ បង្ក្រាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្ត ចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំង ប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែកឯ រថយន្តចង្កូតស្ដាំដែលជាប្រភេទ ទំនិញហាម ឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះ បំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន»។

លើសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំដល់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់រួសរាន់ចូល មកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ឲ្យបានទាន់ពេលវេលាតាមការកំណត់ដូចរៀបរាប់ខាងលើ៕

To Top