ព័ត៌មានអន្តរជាតិ

Update៖ អង្គការ FAO លើកពីក្តីបារម្ភថា ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ធ្វើឲ្យប៉ះពាល់ដល់ស្បៀងអាហារជាសកល

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានប៉ះពាល់ដល់ការទទួលបានស្បៀងអាហារក្នុងកម្រិតសកលលោក និងអាចបង្កផល ប៉ះពាល់ដល់ការប្រមូលផលដំណាំនៅឆ្នាំ២០២៣ ដែលជា “ក្តីកង្វល់ធំ” របស់អង្គការសហប្រជាជាតិ (UN) ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម ។ នេះបើតាមប្រធានសេដ្ឋវិទូរបស់អង្គការស្បៀងនិងកសិកម្ម ហៅកាត់ (FAO) បានឲ្យដឹងដូច្នេះ ។

លោក Maximo Torero បានប្រាប់ដល់ស៊ិនហួ នៅក្នុងបទសម្ភាសន៍តាមអ៊ីនធើរណេតនាពេលថ្មីៗនេះថា ក្នុងឆ្នាំនេះ ការទទួលបានអាហារជាសាកលត្រូវបានរារាំងដោយតម្លៃដ៏កើនឡើងខ្ពស់ ។

គាត់បានលើកឡើងថា “នៅក្នុងខែមីនា យើងមានកម្រិតខ្ពស់បំផុតនៅក្នុងសន្ទស្សន៍តម្លៃម្ហូបអាហាររបស់អង្គការ FAO” ដោយបានបន្ថែមថា ទោះបីជាសន្ទស្សន៍ប្រចាំខែបានធ្លាក់ចុះបន្តិចនៅក្នុងខែមេសា និងឧសភាក៏ដោយ តម្លៃធញ្ញជាតិនៅតែបន្តកើនឡើងដដែល ។

លោក Torero បានលើកឡើងទៀតថា មូលហេតុចម្បងនៅពីក្រោយនៃការកើនឡើងតម្លៃគឺថា រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ រួមទាំងពោត និងស្រូវសាលី ។ អង្គការ FAO បានឲ្យដឹងថា ប្រទេសទាំង២ នេះផលិតបានប្រហែល៣០ភាគរយ នៃការផ្គត់ផ្គង់ស្រូវសាលីជាសកល នៅឆ្នាំ២០២១ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top