ព័ត៌មានជាតិ

លោក Fumio Kishida ជានាយករដ្ឋមន្រ្តីជប៉ុនដំបូង ដែលចូលរួមក្នុងកិច្ចប្រជុំកំពូល ណាតូ

តូក្យូ៖ នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា លោកនឹងចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ក្នុងខែនេះ ក្នុងនាមជាមេដឹកនាំជប៉ុនដំបូងគេ ដែលចូលរួមក្នុងការប្រមូលផ្តុំ នៃសម្ព័ន្ធសន្តិសុខ លោកខាងលិច។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Kishida ក៏បានឲ្យដឹងផងដែរថា លោកនឹងចូលរួមកិច្ចប្រជុំកំពូល រយៈពេល៣ថ្ងៃ នៃក្រុមប្រទេសឧស្សាហកម្មទាំង៧ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា នៅទីក្រុង Schloss Elmau ប្រទេសអាល្លឺម៉ង់ មុនពេលកិច្ចប្រជុំរបស់អង្គការណាតូ នៅរដ្ឋធានីម៉ាឌ្រីត របស់ប្រទេខអេស្ប៉ាញ។

កិច្ចប្រជុំកំពូលនឹងធ្វើឡើង នៅពេលដែលប្រទេសជាសមាជិក បន្តប្រឈមមុខនឹងបញ្ហា ដែលកើតចេញពីសង្គ្រាម របស់រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។

លោក Kishida បានលើកឡើងថា លោកមានបំណងគូសបញ្ជាក់នៅឯកិច្ចប្រជុំថា “ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង គឺមិនអាចអនុញ្ញាត បានគ្រប់ទីកន្លែងក្នុងពិភពលោក” ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់អង្គការណាតូរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា មេដឹកនាំត្រូវបានគេរំពឹងថា នឹងគាំទ្រនូវគោលគំនិតយុទ្ធសាស្រ្តថ្មីមួយ ដែលកំណត់បញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងប្រឈមមុខនឹងសម្ព័ន្ធមិត្ត រួមទាំងការធ្វើយោធា យ៉ាងឆាប់រហ័ស របស់ប្រទេសចិន និងការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យចុះខ្សោយនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top