ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ តុលាការកម្ពុជា កាត់ទោសកូនជឹង គេភ្លាម លោកច្រមុះស្រួច និងអង្គការអន្តរជាតិ ស្រែកខ្ទរខ្ទារ (Video)

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា គ្រាន់តែតុលាការកម្ពុជា កាត់ទោសកូនជឹងគេភ្លាម មានអស់លោកច្រមុះស្រួច អង្គការច្រមុះស្រួច និងអង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង «សេរីភាពនៃការបញ្ចេញមតិ» ។ នេះយោងតាមហ្វេសប៊ុក របស់លោករដ្ឋមន្រ្តី។

លោកបន្តថា ប៉ុន្តែពួកគាត់ធ្វើមិនដឹងពីសំណួរ លោកសួរកាលពីជាង៩០ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទសារព័ត៌មាន Russia Today, Sputnik និងដាក់សារព្រមាន លើរាល់ការផ្សាយនានា របស់រុស្ស៊ី ចាប់តាំងពីមានសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន មក ? ។ លោកថា កម្ពុជា ប្រឆាំងការវាយលុករបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ ដែលសម្តេចតេជោ បានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាម ប្រើកម្លាំង និងការប្រើកម្លាំង ក្នុងរាល់ដំណោះស្រាយ រវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថា តើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង «សេរីភាពនៃការបញ្ចេញមតិ» នេះឬយ៉ាងណា ?។

សូមបញ្ជាក់ថា កូនជឹងដែលលោក ខៀវ កាញារីទ្ធ និយាយនោះ គឺសំដៅទៅលើកញ្ញា សេង ធាវី អ្នកជំនាញច្បាប់ កិច្ចការអន្តរជាតិ និងជាអ្នកតស៊ូដើម្បីយុត្តិធម៌សង្គម ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារភ្លាមៗ បន្ទាប់ពីចៅក្រមប្រកាសផ្តន្ទាទោស៦ឆ្នាំ ពីបទរួមគំនិតក្បត់ នៅព្រឹកថ្ងៃ១៤ មិថុនា នៅមុខសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ៥០នាក់ទៀតត្រូវបានតុលាការផ្តន្ទាទោសពី៥-៨ឆ្នាំ ។ បន្ទាប់ពីមានការចាប់ខ្លួនរួចមក ត្រូវបានសារព័ត៌មានអន្តរជាតិនានា អង្គការអន្តរជាតិ និងអង្គទូតមួយចំនួនបានស្រែកឲ្យទាមទារដោះលែងជាបន្ទាន់៕

To Top