ព័ត៌មានជាតិ

ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ ក្នុងក្រុងសៀមរាប សម្រេចបានជាង ១៦%

ភ្នំពេញ ៖ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានចុះពិនិត្យការងារស្ថាបនា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមហ៊ុន ទទួលបន្ទុកសាងសង់ និងមន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមជាលទ្ធផលគម្រោងនេះ អនុវត្តសម្រេចបាន ១៦,៥% ហើយ។

ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង តាមដានវាយតម្លៃ លើវឌ្ឍនភាពការងារ របស់ក្រុមហ៊ុនដែលកំពុងសាងសង់ ស្ថាបនាធ្វើឱ្យប្រសើឡើ ងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងសៀមរាប ដើម្បីធានាសម្រេចឱ្យបាន នូវប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា ។

ទន្ទឹមនោះដែរ លោកអគ្គនាយករង បានបញ្ជាក់ពីទិសដៅការងារត្រូវធ្វើបន្ត ទៅកាន់ក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ឱ្យបន្តយកចិត្តទុកដាក់ការងារបន្ថែមទៀត ធ្វើយ៉ាងណាត្រូវសម្រេចតាមផែនការដូចបានគ្រោងទុក។

បន្ទាប់ពីបានចុះពិនិត្យទីតាំងស្ថាបនាស្ថានីយ និងចំណុចដែលត្រៀមដាក់លូ បង្ហូរទឹកកខ្វក់រួច លោកនាយកគម្រោង បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនទាំងពីរ ទទួលបន្ទុកលើកិច្ចការងារសាងសង់ ដោយបានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនផងដែរ៕

To Top