បរទេស ៖ អង្គការ NATO ដែលជាប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំរបស់ខ្លួន រយៈពេល៣ថ្ងៃនៅទីក្រុង Madrid ប្រទេសអេស្បាញ នៅថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អង្គការដែលមានសមាជិក 30 ប្រទេស នឹងផ្តោតលើការពង្រឹង កងកម្លាំងរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប និងកន្លែងផ្សេងទៀត បន្ទាប់ពីយុទ្ធនាការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ដែលត្រូវបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ សមាជិកក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីជំនួយបន្ថែមទៀតដល់ទីក្រុង គៀវ ក៏ដូចជាការរំពឹង ទុករបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងការ ចូលរួមក្នុងប្លុកនេះផងដែរ ។
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយ កាលពីថ្ងៃចន្ទថា ប្លុកនេះនឹងបង្កើន ចំនួនទាហាន ដែលឆ្លើយតបយ៉ាងរហ័ស របស់ខ្លួនពីប្រហែល 40 000 នាក់ ទៅ “លើសពី” 300 000នាក់ ។ លោកបានចាត់ទុករុស្ស៊ីថាជា «ការគំរាមកំហែង ដ៏សំខាន់បំផុត និងផ្ទាល់ផងដែរ»។
កិច្ចប្រជុំកំពុងប្រព្រឹត្ត ទៅក្រោមការយកចិត្តទុកដាក់ នៃកិច្ចប្រជុំកំពូល G7 នៅភាគខាងត្បូងប្រទេសអាឡឺម៉ង់ ជាកន្លែងដែលមេដឹកនាំមកពីអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហភាពអឺរ៉ុបបានសន្យាថា នឹងគាំទ្រអ៊ុយក្រែន “ដរាបណាប្រទេសនេះត្រូវការ” ៕
ប្រែសម្រួលៈ ណៃ តុលា