បរទេស៖ អ្នកនាំពាក្យរបស់ រដ្ឋមន្ត្រីការបរទេសចិនលោក Zhao Lijian កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការរិះគន់ចំៗទៅលើ
កិច្ចប្រជុំថ្នាក់កំពូលរបស់ G7 និងមេដឹកនាំណាតូថា បានដើរតួតិចតួចបំផុតពាក់ព័ន្ធ ទៅកិច្ចការងារសង្គមពីព្រោះថា ពួកគេមានចំណែកតិចតួចប៉ុណ្ណោះធៀបទៅនឹង ចំនួនពលរដ្ឋពិភពលោក។
ដោយការប្រៀបធៀបគ្នា រវាងបណ្តាប្រទេសនៅក្នុងសមាជិករបស់ G7 ជាមួយនឹងចំនួននៃប្រជាជាតិ ដែលស្ថិតនៅក្នុងក្រុមសមាជិករបស់ BRICS នោះគឺមានចំនួនខុសគ្នាឆ្ងាយណាស់ពី ៧៧៧លាននាក់ ទៅដល់៣២០០លាននាក់។
លោក Zhao បានសរសេរនៅលើបណ្តាញសង្គម របស់លោកដែរថា៖ ដូច្នេះនៅពេលដែលយើងពិភាក្សាគ្នា អំពីបញ្ហាសង្គមអន្តរជាតិ ពួកយើងគួរដឹងហើយថា ចង់គួរនិយាយជាមួយអ្នកណា។
គួរឲ្យដឹងដែរថាក្រោយកិច្ចប្រជុំ G7 នៅអាល្លឺម៉ង់ដែលបានបញ្ចប់ ទៅកាលពីពេលចុងសប្តាហ៍ កន្លងមកនេះមេដឹកនាំ G7 ទាំងនោះក៏នឹងត្រូវធ្វើដំណើរទៅកាន់ ទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញផងដែរ ដើម្បីចូលរួមកិច្ចប្រជុំអង្គការណាតូ ៕
ប្រែសម្រួល៖ ស៊ុន លី