ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នឹងបន្ដរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង និងជិតស្និទថែមទៀត។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតឥស្លាមប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «តាមរយៈបេសកម្មការទូតរបស់ ឯកឧត្តម នឹងបន្ដរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀត ដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជា រឹតចំណងមិត្តភាពរវាង កម្ពុជា-ប៉ាគីស្ថាន ឱ្យកាន់តែប្រសើរឡើង និងជិតស្និទថែមទៀត»។
សម្ដេច បានលើកឡើងថា នៅក្នុងប្រវត្តិសាស្ដ្រ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ អស់រយៈពេលប្រមាណ ៧០ឆ្នាំមកនេះ គឺតែងតែមានទំនាក់ទំនងល្អជាមួយគ្នា ពុំដែលមានបញ្ហាអ្វីកើតឡើងមួយនោះទេ។
លើសពីនេះ សម្ដេច ស ខេង នឹងបន្ដខិតខំរកវិធីសាស្ដ្រ ដើម្បីធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ផ្អែកទៅលើមូលដ្ឋាន នៃទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Zaheeruddin Babar Thaheem បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេច ស ខេង ។ លោក បានលើកឡើងថា ប្រទេសប៉ាគីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតក្នុងសកលលោក បានទទួលស្គាល់នូវអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសនៅក្រោយការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕