ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល បង្ហាញកិច្ចព្រមព្រៀង នាំចូលប្រេង ម៉ាស៊ូតពីរុស្ស៊ី ដើម្បីបន្ថយតម្លៃ ប្រេងឥន្ទនៈនៅក្នុងប្រទេស

រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រកាសថារដ្ឋាភិបាល របស់លោកបានឈានដល់កិច្ចព្រមព្រៀង មួយ ដើម្បីចាប់ផ្តើមការនាំចូល ប្រេងម៉ាស៊ូត ពីប្រទេសរុស្ស៊ី ដែលជាផ្នែកនៃវិធានការ កាត់បន្ថយតម្លៃប្រេងឥន្ធនៈ នៅផ្ទះ។

លោក Bolsonaro បានប្រាប់អ្នកកាសែត ពីទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុង Brasilia ថា “វាត្រូវបានដោះស្រាយ ក្នុងរយៈពេល 60 ថ្ងៃ ប្រេងម៉ាស៊ូត អាចចាប់ផ្តើមទៅដល់ប្រទេសប្រេស៊ីល ពីប្រទេសរុស្ស៊ី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតី បានការពារ ការសម្រេចចិត្តនាំចូលប្រេងម៉ាស៊ូត របស់រុស្ស៊ី ដោយលើកឡើងថា វាមានតម្លៃថោកជាងអ្នកផ្គត់ផ្គង់ បរទេសផ្សេងទៀត ដែលត្រូវបានជ្រើសរើស ដោយក្រុមហ៊ុនប្រេងរដ្ឋ Petrobras ។

លោក Bolsonaro បានលើកឡើងថា “ប្រេស៊ីលបាននាំចូលស្ទើរតែ ៣០ ភាគរយនៃប្រេងម៉ាស៊ូតដែលប្រើប្រាស់នៅក្នុងប្រទេស។ យើងត្រូវតែនាំចូលពីអ្នកដែលលក់ក្នុងតម្លៃល្អជាង ហើយមិនទទួលយកតម្លៃរបស់អ្នកដែលគិតថ្លៃបន្ថែម” ។

លោក Bolsonaro បានបន្ថែមថា ប្រទេសប្រេស៊ីលមានភាពអព្យាក្រឹតក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយលោកបានរំលឹកថា លោកបានជួបជាមួយ សមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូកាលពីខែកុម្ភៈ ហើយមេដឹកនាំទាំងពីរបានយល់ព្រមរក្សាការផ្គត់ផ្គង់ជី សម្រាប់អាជីវកម្មកសិឧស្សាហកម្ម ប្រេស៊ីល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top