ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមទប់វិបត្តិនានា អាចកើតមានឡើង ពេលអនាគត (Video)

ភ្នំពេញ ៖ ក្នុងបរិបទពិភពលោកមួយមានការវិវឌ្ឍយ៉ាងលឿន និងពិបាកប៉ាន់ស្មាន សម្រាប់កម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធបន្តកសាងភាពធន់សង្គម ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិនានា ដែលអាចកើតមានឡើង យថាហេតុ នាពេលអនាគត។

ក្នុងទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣ ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជាជម្រើសសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី១១ កក្កដា សម្ដេច ស ខេង បានថ្លែងថា បច្ចុប្បន្នពិភពលោកទាំងមូលមិនត្រឹមតែមិនទាន់ស្រាកស្រាន្តពីជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលរងនូវផលប៉ះពាល់បន្ថែមទៀតគឺសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងតែបន្តនៅឡើយ និងបាននាំឲ្យមានកំណើនតម្លៃប្រេងឥន្ធនៈ ការខ្វះខាតស្បៀងអាហារ ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់។

សម្ដេចបារម្ភថា បញ្ហាទាំងនោះ នឹងធ្វើឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ជាពិសេសការមិនទុកឲ្យនរណាម្នាក់នៅឯកា ប្រហែលជានឹងមិនអាចសម្រេចបានឡើយ រហូតដល់ឆ្នាំ២០៣០ ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្តអូសបន្លាយ ខណៈកម្ពុជាជាប្រទេសហត្ថលេខីមួយដែលបានចុះហត្ថលេខា ទទួលយកកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍មកអនុវត្ត ដោយបានដាក់បញ្ចូលបញ្ហាប្រជាជន ទៅក្នុងផែនការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់សំខាន់។

សម្ដេច ស ខេង បានបញ្ជាក់ថា «សូមណែនាំឲ្យបន្តកសាងភាពធន់សង្គម បន្តពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិនានាដែលកើតមានដល់យថាហេតុនាពេលអនាគត និងគិតគូទៅលើការចំណាយសាធារណៈ ដោយផ្ដោតទៅលើវិស័យដែលមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ជាពិសេសអប់រំសុខាភិបាល សង្គមកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ»។

លើសពីនេះ សម្ដេច បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តបន្តគាំទ្រកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍសំដៅ សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពសកលឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជាដែលមិនទុកចោលនរណាម្នាក់ ៕

To Top