ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញា ទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រាមួយចំនួនអាចធ្វើទៅបាន

ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆ័ន្ទ ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាថា ការស្នើសុំធ្វើវិសោធនកម្ម មាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញកម្ពុជា គឺអាចធ្វើទៅបាន ។

ការ “អាចធ្វើទៅបាន” ដែលក្រុមប្រឹក្សាធម្មនុញ្ញ លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំ ទូលថ្វាយព្រះមហាក្សត្រ នៅព្រឹកថ្ងៃ១៣ កក្កដា នេះ គឺថា “ស្របទៅបរិបទ នៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើង នៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ន” ។

ក្រុមប្រឹក្សាធម្មនុញ្ញ អះអាងទៀតថា ការស្នើសុំធ្វើវិសោធនកម្មនេះ ដើម្បីសំដៅធានាដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ។

ការស្នើសុំធ្វើវិសោធនកម្មនេះលើមាត្រាចំនួន៨ រួមមាន ៖ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម ។

សេចក្តីព្រាងច្បាប់ ធម្មនុញ្ញស្តីពីវិសោធនកម្មនេះ បានឆ្លងផុតគណៈរដ្ឋមន្រ្តីកាលពីថ្ងៃ៨ កក្កដា ក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

សម្រាប់ការស្នើធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញរបស់កម្ពុជា ពាក់ព័ន្ធមាត្រាមួយចំនួនពីការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភានេះ គឺបានធ្វើឡើងជាលើកទី១០ហើយ ។

សូមបញ្ជាក់ថា ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់កម្ពុជា ដែលជាច្បាប់កំពូលជាតិនេះ បានធ្វើឲ្យក្រុមគណបក្ស នយោបាយក្រៅរដ្ឋាភិបាល នៅកម្ពុជា បង្ហាញការមិនពេញចិត្តជាខ្លាំង ដោយពួកគាត់អះអាងថា គ្មានអ្វីចាំបាច់ ដែលត្រូវធ្វើវិសោធនកម្មនោះទេ ៕

To Top