កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមុននេះបន្តិចថា លោកនឹងជួបប្រជុំ ជាមួយមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លើករណីចាក់ដីរំលោភ ដែនសហគមន៍នេសាទ ព្រែកត្នោត។
លោកជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងបែបនេះ ក្រោយពីលោក អេង ជាសាន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលជលផល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០នេះ បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យករណីចាក់ដី រំលោភយកដែនសហគមន៍ នេសាទព្រែកត្នោត ។
ប្រភពព័ត៌មាននានា បានឲ្យដឹងបន្ថែមថា ការចាក់ដីនេះអាចដំណើរការ បានរលូនដោយសារមានការ យកឈ្មោះមន្រ្តីរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការក្រសួង ដែលមានឥទ្ធិពលមួយ មកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះការចាក់ដីរំលោភ យកដែនសហគមន៍នេសាទ ព្រែកត្នោតនេះ មានការប្រើប្រាស់ ឡានពាក់ផ្លាកលេខ ខេមរភូមិន្ទ ផងដែរ ។
គូសបញ្ជាក់ ថាខេត្តកំពត មានសហគមន៍ទេសចរណ៍ចំនួន ៤កន្លែង ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ន មានដូចជា សហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ កំពង់សាមគ្គី និងសហគមន៍ទេសចរណ៍ បឹងអន្លង់ព្រីង ។ សហគមន៍អេកូទេសចរណ៍ ព្រែកត្នោត មានទីតាំងស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕