កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា នៅថ្ងៃដែលគាត់ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់ប្រទេសស្រីលង្កា ដែលបច្ចុប្បន្ននេះកាន់មុខតំណែងជានាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe បានស្នើឱ្យប្រធានសភាតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់គាត់បានឲ្យដឹងកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ។
ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានជូនដំណឹងដល់វាគ្មិន Mahinda Yapa Abeywardena ឱ្យតែងតាំងនាយករដ្ឋមន្ត្រីដែលអាចទទួលយកបានទាំងរដ្ឋាភិបាល និងក្រុមប្រឆាំង” ។
នៅព្រឹកថ្ងៃដដែល លោក Wickremesinghe ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ខណៈដែលអ្នកតវ៉ារាប់ពាន់នាក់បានទាមទារឱ្យលោក និងលោក Rajapaksa ចុះចេញពីតំណែង ។
លោក Mahinda Yapa Abeywardana បានលើកឡើងនៅមុននេះបន្តិចថា “ដោយសារតែអវត្តមានរបស់គាត់ពីប្រទេសនេះ ប្រធានាធិបតី Rajapaksa បានប្រាប់ខ្ញុំថា គាត់បានតែងតាំងនាយករដ្ឋមន្ត្រីឱ្យធ្វើជាប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញ”។
គួររំលឹកថា លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃពុធ ប៉ុន្មានម៉ោងមុនពេលលោកត្រូវចុះចេញពីតំណែង បន្ទាប់ពីការបះបោររបស់ប្រជាជនជុំវិញវិបត្តិសេដ្ឋកិច្ចដែលរងការបំផ្លិចបំផ្លាញបានបញ្ចប់ការកាន់កាប់ដ៏មានឥទ្ធិពលរបស់គ្រួសារលោកលើប្រទេសដែនកោះមួយនេះ ។
ក្រោយមកនៅថ្ងៃនោះ លោក Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបម្រាមគោចរដោយមានប្រសិទ្ធិភាពភ្លាមៗ ខណៈដែលមនុស្សរាប់រយនាក់បានទាមទារឱ្យមានការលាលែងពីតំណែងរបស់គាត់បានឡោមព័ទ្ធការិយាល័យរបស់គាត់នៅទីក្រុងកូឡុំបូ ។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនជុំ ហើយឧទ្ធម្ភាគចក្រយោធា១គ្រឿងបានបើកខ្វែលមួយភ្លែតពីលើក្បាល ប៉ុន្តែក្រុមបាតុករហាក់ដូចជាមិនមានការរារាំងឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា