ភ្នំពេញ៖ នាវាដឹកទំនិញចិន មួយគ្រឿង ដែលក្នុងនោះ រួមមាននាវិក៤នាក់ផង ត្រូវរងការវាយប្រហារ ពីកម្លាំងខ្យល់ព្យុះ បណ្ដាលឱ្យដាច់ខ្សែយុថ្កា ហើយបានអណ្តែតចូល ក្នុងដែនសមុទ្រកម្ពុជា ។
យោងតាមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាដឹកទំនីញនោះ មានឈ្មោះ សេង កង មានបណ្តោយប្រវែង៥២ម៉ែត ទទឹង៨ម៉ែត ជម្រៅទឹក ៤.៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង និងមានមនុស្សលើនាវា ចំនួន៤នាក់។
មនុស្សទាំង៤នាក់រួមមាន៖
១/ ឈ្មោះ CHENG CHANGBAO អាយុ ៤៤ឆ្នាំ ភេទប្រុស ជាជនជាតិចិន ជាអ្នកគ្រប់គ្រងនិងជាអ្នកបើកបរនាវា
២/ឈ្មោះ WU KONGPING អាយុ៣៦ ឆ្នាំ ភេទប្រុស ជនជាតិចិន ជានាវិក
៣/ ឈ្មោះ WANG SHENG PING អាយុ៣០ឆ្នាំ ជនជាតិចិន ជានាវិក
៤/ ឈ្មោះលីន ស៊ីម៉ី អាយុ ៤២ ឆ្នាំ ជនជាតិចិន ជានាវិក ។
បើតាមប្រភពដែលផ្ញើជូន លោក ខៀវ កាញារីទ្ធ បានឱ្យដឹងផងដែរថា នាវខាងលើ បានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើ ទៅកាន់ប្រទេសចិនវិញ មូលហេតុដែលចូលសមុទ្រកម្ពុជា ដោយបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ក៏បានអណ្តែតចូល ក្នុងដែនសមុទ្រកម្ពុជា ។
អ្នកទាំង៤នាក់ ប្រាប់ថា លិខិតឆ្លងដែន បានធ្លាក់ចូលក្នុងទឹកបាត់។
ក្រោយពីបានសាកសួរ និងធ្វើកំណត់ហេតុរួច បានបញ្ជូនឱ្យកម្លាំងប៉ូលិស ព្រំដែនទឹក ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាវ វណ្ណា៕