ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង៖ ឯកអគ្គរដ្ឋទូត​ អាមេរិក ប្រើសម្តីមិនសមរម្យ ស្តីពីចំណងមិត្តភាព អន្តរកូរ៉េ

បរទេស៖ ការិយាល័យរបស់ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើរិះគន់ជាចំហ ចំពោះឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Harry Harris ដែលថ្លែងអំពីគម្រោង លោកប្រធានាធិបតី កូរ៉េខាងត្បូង បន្តធ្វើសហប្រតិបត្តិការ អន្តរកូរ៉េ ដោយហៅសម្តីនោះថា ជាសម្តីមិនសមរម្យ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា មន្ត្រីវិមានខៀវ របស់ប្រធានាធិបតី កូរ៉េខាងត្បូង បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “វាមិនសមរម្យនោះឡើយ ដែលលោកឯកអគ្គរដ្ឋទូត និយាយយ៉ាងដូច្នេះ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ជុំវិញការថ្លែងរបស់លោក ប្រធានាធិបតី នៃប្រទេសជាម្ចាស់ផ្តះ”។

មន្ត្រីរូបនោះ បានធ្វើការសង្កត់ធ្ងន់ថា សហប្រតិបត្តិការអន្តរកូរ៉េ គឺជាបញ្ហាមួយ ដែលរដ្ឋាភិបាល កូរ៉េខាងត្បូង ត្រូវធ្វើការសម្រេចចិត្ត ប៉ុន្តែទីក្រុងសេអ៊ូល តែងតែធ្វើការប្រឹក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរធ្វើកិច្ចខិតខំ ប្រឹងប្រែងជាប់ជានិច្ច សម្រាប់ការវិវត្ត ក្នុងចំណងមិត្តភាព អន្តរកូរ៉េ និងការបន្តធ្វើកិច្ចពិភាក្សាគ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង៕
ប្រែសម្រួល៖ ប៉ាង កុង

To Top