បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចំអកឱ្យផលិតផល កូកា-កូឡា ហើយបានលើកថា ផលិតផល ‘តែ Ivan Tea’ គឺជាភេសជ្ជៈឱសថ ដែលផលិត ពីស្មៅស៊ីបេរី ធ្វើឱ្យស្រស់ ហើយ “មានប្រយោជន៍” ជាង ។ ការចំអកនេះ គឺបន្ទាប់ពីក្រុមហ៊ុន Coca-Cola បានដកខ្លួនចេញពីទីផ្សាររុស្ស៊ី កាលពីខែមិថុនា ជុំវិញប្រតិបត្តិការយោធា របស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឱកាសចូលរួមក្នុងវេទិកា ‘គំនិតខ្លាំងសម្រាប់ New Times’ នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ លោកពូទីន ត្រូវបានទាក់ទង ដោយ Alexander Khlynov មកពីសហភាព អ្នកផលិត Ivan Tea ដែលបានស្នើឱ្យរដ្ឋាភិបាល ជួយជំរុញ ការផលិតភេសជ្ជៈប្រពៃណីរបស់រុស្ស៊ី ។
លោកពូទីន បានយល់ព្រមនាំយកសំណើ របស់លោក Khlynov ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Dmitry Patrushev ហើយបានផ្តល់តែការយល់ព្រម ផ្ទាល់ខ្លួន របស់លោក ។ លោក ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា “ពិតណាស់ តែ Ivan Tea វាពិតជាមានប្រយោជន៍ជាង កូកា-កូឡាទៅទៀត” ដែល កូកា-កូឡា មានសារធាតុគីមីពេញទាំងអស់៕
ប្រែសម្រួលៈ ណៃ តុលា