ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញបទបញ្ជាដល់នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ អំពីការពង្រឹងប្រសិទ្ធភាព នៃ ការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ព្រមទាំងត្រៀម យុទ្ធនាការបង្ក្រាប រថយន្តគ្មានពន្ធ នាពេលខាងមុខ ។
យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ នាថ្ងៃទី២៦ កក្កដា លោក គុណ ញឹម បានថ្លែងឲ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ជាពិសេសនៅពេលដែលឱសានវាទ នៃការអនុញ្ញាតឲ្យម្ចាស់ រថយន្តចង្កូតស្ដាំគ្មានពន្ធចូលមកបង់ពន្ធ ឬចុះបញ្ជីកាន់តែខិតជិតមកដល់ ប្រធាននាយកដ្ឋាន សាខា និង ការិយាល័យគយនិងរដ្ឋាករ ត្រូវផ្សព្វផ្សាយ ដល់សាធារណជនតាមភូមិសាស្ត្រទទួលខុសត្រូវរៀងៗ ខ្លួនឲ្យបានទូលំទូលាយនូវសេចក្ដី ជូនដំណឹងរបស់ អគរ ជាពិសេស ត្រូវបន្តផ្ដល់សេវា ទទួលបង់ពន្ធ និងអាករ ជាពិសេសការចុះបញ្ជីរថយន្តចង្កូតស្ដាំ គ្មានពន្ធមានស្រាប់ ក្នុងប្រទេសឲ្យបានកាន់តែសកម្ម និងល្អប្រសើរ។
ក្នុងករណីចាំបាច់ ត្រូវបន្ថែមម៉ោងរដ្ឋបាល រហូតដល់ម៉ោង៨យប់ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ហើយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយ នៃការអនុញ្ញាតឲ្យម្ចាស់ រថយន្តចង្កូតស្ដាំគ្មានពន្ធ នៅសេសសល់មកបំពេញ កាតព្វកិច្ចពន្ធអាករ ឬចុះបញ្ជី ត្រូវពន្យារការបិទបញ្ចប់ម៉ោង រដ្ឋបាលត្រឹមម៉ោង១០យប់។
លោកបញ្ជាក់ថា «ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២តទៅ គ្រប់អង្គភាពគយ និងរដ្ឋាករត្រូវប្រមូលផ្ដុំ និងប្រើប្រាស់កម្លាំងសមស្រប ដើម្បីអនុវត្តយុទ្ធនាការ បង្ក្រាបឲ្យបានសកម្ម និងម៉ឹងម៉ាត់លើរថយន្តគ្មានពន្ធគ្រប់ប្រភេទ នៅគ្រប់មុខសញ្ញា ដូចជាទីសាធារណៈ ការដ្ឋាន និងមូលដ្ឋានអាជីវកម្មជាដើម»។
សូមរំលឹកថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានរំលឹកពីឱសានវាទ ដល់ម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ឲ្យមកចុះបញ្ជីរថយន្តរបស់ខ្លួន ឲ្យបានរួសរាន់ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕