ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានផ្តល់បទសម្ភាសន៍ ជាមួយលោក សយ សុភា និពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញទំនាក់ទំនងកម្ពុជា កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) នៃនយោបាយការបរទេសកូរ៉េ នៅក្នុងក្របខណ្ឌអាស៊ី ប៉ាស៊ីហ្វិក។
ប្រធានាធិបតីកូរ៉េ លោក Yoon Seok-youl បានឡើងកាន់តំណែង កាលពី ខែឧសភា នេះ ដោយបានដាក់ចេញនូវគោលនយោបាយ ជាមួយបណ្តាប្រទេសនានា នៅតំបន់អាស៊ាន ក៏ដូចជា អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងកម្ពុជាផងដែរ តើលោកយល់ឃើញអ្វីខ្លះ ដែលកូរ៉េ បានសហការ ជាមួយកម្ពុជា នៅលើមុំ៤ គឺទី១-នយោបាយ , ទី២-សេដ្ឋកិច្ច , ទី៣-យោធា និងទី៤-សន្តិសុខ?
យើងពិនិត្យជារួមសិន បើយើងមើលពីប្រវត្តិទំនាក់ទំនងកម្ពុជា-កូរ៉េ (ខាងត្បូង)ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ដែលសម្តេចតេជោ ហ៊ុន សែនដើរតួនាទីយ៉ាងសំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំង២ឡើងវិញ ។ អីចឹងបើយើងពិនិត្យមកបច្ចុប្បន្នវិញ ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ គឹមានការវិវឌ្ឍជាវិជ្ជមាន និងរីកចម្រើនខ្លាំងទាំងនយោបាយ សេដ្ឋកិច្ច យោធា សន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាដើម ។ ទំនាក់ទំនងកម្ពុជា-កូរ៉េ យើងមើលទៅមិនត្រឹមតែជាទំរង់ទ្វេភាគីទេ ប៉ុន្តែមានយន្តការពហុភាគីជាច្រើនទៀតដែលប្រទេសទាំង២ បានកំពុងនិងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ។ អីចឹង យើងអាចសម្គាល់ឃើញ តាមរយៈការរួមចំណែករបស់កូរ៉េ នៅក្នុងតំបន់មេគង្គគឺមានកិច្ចសហការកូរ៉េ-មេគង្គ ហើយអាស៊ានបូក៣ ក៏យើងឃើញកូរ៉េធ្វើកិច្ចសហការឡើងពេញលេញ ជាមួយអាស៊ានក្នុងនាមជាដៃគូសន្ទនា។ ដូច្នេះខ្ញុំអាចវាយតម្លៃបានថា ទំនាក់ទំនងនេះ គឺមានភាពល្អប្រសើរ ហើយបើយើងក្រឡេកមកមើលគោលនយោបាយការបរទេសរបស់កូរ៉េ គេហៅថា គោលនយោបាយសម្លឹងមកទិសខាងត្បូងថ្មីរបស់កូរ៉េ គឺបានយកចិត្តទុកដាក់ចំពោះបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ នេះនិយាយដោយឡែក ។ អាស៊ានទាំងមូលនិយាយជារួមដែលជាផ្នែកមួយផ្តោតទៅលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងការរក្សាសន្តិភាព ពីព្រោះគេគិតទៅលើសន្តិភាព ប្រជាជន និងវិបុលភាព ។ អីចឹងក្នុងគោលនយោបាយសម្លឹងមកទិសខាងត្បូងថ្មីរបស់កូរ៉េបានយកចិត្តទុកដាក់ជំរុញនូវការវិនិយោគរបស់ខ្លួននិងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មានការរីកចម្រើនខ្លាំង ។ ចំណុចកត់សម្គាល់មួយទៀត គឺកម្ពុជា-កូរ៉េក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ។ នេះជាវឌ្ឍនភាពដ៏សំខាន់រវាងប្រទេសទាំង២ផងដែរ ។
ដោយឡែក ក្នុងក្របខណ្ឌយោធាវិញ តើកម្ពុជា-កូរ៉េ មានបានផ្លាស់ប្តូរដំណើរទស្សនកិច្ច ពីភាគីកូរ៉េមកកាន់កម្ពុជា ដែរឬទេ?
កន្លងមកយើងឃើញមានដែរ ប៉ុន្តែមិនទាន់មានលក្ខណៈលេចធ្លោជាដុំកំភួនទេ ប៉ុន្តែជាក្របខណ្ឌលើវិស័យការពារជាតិនេះ គឺប្រទេសទាំង២កំពុងមានការជំរុញខ្លាំងផងដែរ ។ កូរ៉េក៏ធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាលដល់កងទ័ពកម្ពុជាជាហូរហែរមកដែរ ហើយក្របខណ្ឌជំនួយក្នុងវិស័យការពារជាតិក៏មិនមានអ្វីគួរឲ្យកត់សម្គាល់ផងដែរ។
ត្រង់ចំណុចនេះ លោកស្នើអ្វីទៅមិត្តកូរ៉េ ឲ្យជួយអ្វីបន្ថែមទៀតទេ?
ជាការពិតហើយ ខ្ញុំយល់ថា កូរ៉េគួរតែពិចារណា ក្នុងការពង្រឹងបន្ថែមនូវវិស័យការពារជាតិ ជាមួយកម្ពុជា តាមរយៈការផ្តល់ជំនួយជាបច្ចេកទេស សំភារៈ និងបន្តជួយបណ្តុះបណ្តាល ដល់កងយោធពលខេមរភូមិន្ទរបស់យើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យទំនាក់ទំនងវិស័យការពារជាតិ ប្រទេសទាំង២មានលក្ខណៈស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។ មួយទៀតដែរ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា តាមរយៈទស្សនកិច្ចរវាងប្រមុខការពារជាតិ ក៏ដូចជាមេបញ្ជាការកំពូល នៃកងទ័ពប្រទេសទាំង២ ក៏គួរតែត្រូវបានធ្វើឲ្យបានញឹកញាប់ដែរ ដើម្បីពង្រឹងនូវកិច្ចសហការ លើវិស័យការពារជាតិ។
នៅក្នុងក្របខណ្ឌមួយដែលពិភពលោក កំពុងឆ្ពោះទៅរក និងអនុវត្ត ហើយប្រព័ន្ធអ៊ីនធើណេត សាយប៊ើ និង5G សម្រាប់កូរ៉េ ក៏បានប្រឹងប្រែងផលិតនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប 5G ដែរ ដូច្នេះលោកសង្ឃឹមថា ខ្មែរនឹងទទួលបានការជួយផ្នែកបច្ចេកទេស និងបណ្តុះបណ្តាលយ៉ាងម៉េចដែរ?
ចំណុចនេះ ខ្ញុំមានការចាប់អារម្មណ៍ដែរ ដោយសារកូរ៉េ មានការអភិវឌ្ឍជឿនលឿនខ្លាំង លើវិស័យស្មាតស៊ីតធី (Smart City)ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងទីក្រុង ។ អីចឹងទេ ខ្ញុំគិតថា កូរ៉េគួរតែពិនិត្យលទ្ធភាពជួយកម្ពុជា លើវិស័យSmart City នេះ ជាពិសេសគឺពាក់ព័ន្ធស្មា5G ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការគ្រប់គ្រងទីក្រុង និងវិស័យកសិកម្មជាដើម ។ យើងបានកត់សម្គាល់ឃើញថា កូរ៉េបានជួយច្រើនដែរលើប្រព័ន្ធបច្ចេកវិទ្យាIT ហ្នឹង។
ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច គឺធនាគារកូរ៉េ មានច្រើនគួរសមដែរនៅកម្ពុជា តើលោកកត់សម្គាល់ឃើញថា អតិថិជនប្រើប្រាស់សេវារបស់ធនាគារកូរ៉េ យ៉ាងម៉េចដែរ ?
ខ្ញុំមើលឃើញវិស័យធនាគារវិនិយោគដោយកូរ៉េ មិនទាន់មានប្រជាប្រិយភាពខ្លាំងទេ គឺការប្រើប្រាស់មានកម្រិត ។ ជាពិសេសប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានសាច់ញាតិ និងកូនចៅធ្វើការនៅកូរ៉េ ដើម្បីស្រួលការផ្ទេរប្រាក់ពីកូរ៉េមកកម្ពុជា ។ ការប្រើប្រាស់នៅទីនេះពាណិជ្ជករ អាជីវករដែលជាបងប្អូនជនជាតិកូរ៉េ រកស៊ីទទួលទាននៅស្រុកខ្មែរ ប្រើប្រាស់ច្រើន តែមិនទាន់មានភាពទូលំទូលាយខ្លាំងនៅឡើយទេ ហើយរបៀបនៃការធ្វើទីផ្សាររបស់ធនាគារកូរ៉េមិនទាន់វាយលុកឲ្យដល់គោលដៅអតិថិជន ជាពិសេសនាំចូលនូវបច្ចេកវិទ្យាអាស៊ីតធី នៅក្នុងធនាគារដើម្បីធ្វើម៉េច ឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ស្រួលប្រើនិងទទួលយកកម្មវិធីប្រើជាមួយធនាគារកូរ៉េ។ មួយទៀតសាខាធនាគារកូរ៉េនៅកម្ពុជា នៅមានកម្រិតនៅឡើយ ខុសពីធនាគារខ្មែរយើងដែលឈរជើងយូរមកហើយ ដែលបានវាយលុកទៅដល់ទីជនបទដាច់ស្រយ៉ាលឆ្ងាយៗទៅទៀត ។ អីចឹងពលរដ្ឋខ្មែរ បានប្រើប្រាស់នូវធនាគារដែលគាត់ធ្លាប់ប្រើហើយសេវានៅគៀកគាត់ ។ មួយទៀតដើម្បីឲ្យមានលក្ខណៈប្រកួតប្រជែង ដើម្បីឲ្យពលរដ្ឋខ្មែរបានប្រើប្រាស់ច្រើននោះ ធនាគារកូរ៉េគួរគិតគូរពីអាត្រាការប្រាក់ និងលក្ខខណ្ឌនូវការខ្ចីប្រាក់ ដើម្បីធនាគារកូរ៉េខ្លួនឯងផង និងបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផង។
ការបង្កើតរោងចក្រធំៗ នៅប្រទេសក្បែរខាងយើង ដូចវៀតណាម មានក្រុមហ៊ុន SAMSUNg ជាដើម ដោយឡែកខ្មែរយើង មានក្រុមហ៊ុនហ៊ីយ៉ាន់ដាយ មួយនៅកោះកុង ហើយក្រសួងសេដ្ឋកិច្ចក៏បាន ដាក់ចេញនូវគោលនយោបាយមួយ បំលែងកម្ពុជាឲ្យទៅជារោងចក្រផលិតគ្រឿងចក្រ នៅពេលខាងមុខ។ តើតាមរយៈគោលនយោបាយរបស់កូរ៉េ មកកាន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាកម្ពុជា មានទំនាក់ទំនងល្អជាមួយកូរ៉េនោះ ថាតើ ក្នុងនាមលោកជាអ្នកស្រាវជ្រាវមួយរូប ខាងទំនាក់ទំនងអន្តរជាតិ យល់ឃើញថា កូរ៉េគួរតែចាប់ផ្តើមសម្លឹងទីផ្សារកម្ពុជា ឲ្យកាន់តែធំជាងមុន ដែររឺយ៉ាងដូចម្តេច?
បើយើងនិយាយពីគោលនយោបាយសម្លឹងមកអាស៊ីថ្មីរបស់កូរ៉េ ឃើញមានអតុល្យភាព ទាំងជញ្ជីងពាណិជ្ជកម្ម វិនិយោគរបស់កូរ៉េនៅបណ្តាប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍ធៀបជាមួយកម្ពុជា យើងឃើញវិនិយោគទុនច្រើនរបស់កូរ៉េ គឺចាក់ទៅឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងមួយផ្នែកនៅថៃ ។ ដោយឡែកខ្មែរយើង ការវិនិយោគនៅតិចតួច ហើយភាគច្រើនមានការដោះដូរពាណិជ្ជកម្ម ពីមុននោះការរកស៊ីរបស់ក្រុមហ៊ុនកូរ៉េនៅស្រុកខ្មែរ មិនទាន់មានការវិនិយោគធុនធ្ងន់ទេ គឺមានតែបែបលក្ខណៈវិនិយោគរយៈពេលខ្លីយកប្រាក់ចំណេញឆាប់។ កន្លងមកកូរ៉េក៏ធ្លាប់បរាជ័យដែរ ដែលហៅថា វិនិយោគបែបពពុះសាប៊ូ ។ អីចឹងទេខ្ញុំគិតថា កូរ៉េគួរតែពិចារណាក្នុងការវិនិយោគមួយដែលអាចស្រូបទាញកំលាំងពលកម្មកម្ពុជាបានច្រើនផង ហើយជាការវិនិយោគទ្រង់ទ្រាយធំមួយ និងមានរយៈពេលវែងជាពិសេសការគិតគូទៅលើការរៀបចំតម្លើងរោងចក្រ និងគ្រឿងចក្រផ្សេងៗនៅស្រុកខ្មែរ ឲ្យដូចនៅវៀតណាម និងឥណ្ឌូនេស៊ីដែរ ដើម្បីឲ្យគោលនយោបាយសម្លឹងមកទិសខាងត្បូងថ្មីរបស់ខ្លួនទទួលបានជោគជ័យ ហើយរក្សាបាននូវតុល្យភាព នៃប្រជាជាតិនៃអាស៊ីអាគ្នេយ៍ផង បើមិនដូច្នោះទេ កូរ៉េមិនអាចចាប់បានបេះដូងរបស់ប្រជាពលរដ្ឋខ្មែរបានអស់ទេ ។
សម្តេចតេជោ បានប្រកាសហើយថា កូរ៉េនឹងជួយសាងសង់ស្ពានមួយឆ្លងកាត់ទន្លេមេគង្គ នៅម្តុំអរិយក្សត្រ តើលោកយល់ឃើញថា ការផ្តល់ជាជំនួយនូវផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនេះ បង្ហាញយ៉ាងដូចម្តេច អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងកូរ៉េ ក្នុងដំណើរមកភាគខាងត្បូងនេះ?
ការជួយកសាងស្ពាននេះ វាដូចជាការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំង២ ឲ្យកាន់តែជិតស្និតទ្វេឡើងថែមទៀត ហើយទី២ វាដូចជាក្រាលគ្រឹះមូលដ្ឋាននៃទំនាក់ទំនងកាន់តែមានភាពរឹងមាំ ហើយយើងចង់ឃើញសមិទ្ធផលនេះ មានពិតជាក់ស្តែងហើយបានលឿន តាមដែលអាចធ្វើបាន ពីព្រោះទំនាក់ទំនងរវាងប្រទេសទាំង២ គឺវាបានយូរក្រែលដែរហើយ អ្វីដែលជាជំនួយកូរ៉េ មិនទាន់មានជាដុំកំភួន ដែលជាការចង់ចាំរបស់ពលរដ្ឋខ្មែរនៅឡើយទេ កាលណាគេនិយាយពីស្ពាន គឺនឹកឃើញស្ពានជប៉ុន ចិន ជាដើម យើងអត់ទាន់មានស្ពានកូរ៉េដែលប្រជាពលរដ្ឋខ្មែរ បានដើរឆ្លងនៅឡើយទេ ។ អីចឹងខ្ញុំយល់ថា តាមរយៈស្ពានជាជំនួយរបស់កូរ៉េនេះ ជាតម្លៃបន្ថែមមួយទៀតពង្រឹងពង្រីក និងរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២កម្ពុជា-កូរ៉េ ឲ្យកាន់តែរឹងមាំបន្ថែមទៀត៕