ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើយន្តហោះគ្មានមនុស្សបើក វាយប្រហារមកលើទីស្នាក់ការកណ្តាល កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅតំបន់គ្រីមៀ

បរទេស៖ ទីស្នាក់ការកណ្តាលកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនៅទីក្រុង Sevastopol ត្រូវបានវាយប្រហារដោយប្រទេសអ៊ុយក្រែន នេះបើតាមអភិបាលខេត្ត Mikhail Razvozhayev បានអះអាងនៅលើប៉ុស្តិ៍ Telegram របស់លោកកាលពីព្រឹកថ្ងៃអាទិត្យ។ លោកបាននិយាយថា មនុស្សចំនួន ៦នាក់បានរងរបួសក្នុងការវាយប្រហារដែលសន្មតថាធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលប្រទេសរុស្ស៊ីប្រារព្ធទិវាកងទ័ពជើងទឹក។ លោក Razvozhayev បាននិយាយថា ការប្រារព្ធពិធីក្នុងស្រុកទាំងអស់ត្រូវបានលុបចោលដោយហេតុផលសុវត្ថិភាព។ ថ្ងៃឈប់សម្រាកនេះ គឺមានក្បួនដង្ហែរយោធា និងព្រឹត្តិការណ៍ផ្សេងៗទៀតនៅទូទាំងប្រទេស។

មន្ត្រីអ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតអំពីផែនការដណ្តើមយកតំបន់ គ្រីមៀមកវិញ ដែលតំបន់នេះបានបោះឆ្នោតឱ្យចាកចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2014 នៅទីក្រុងគៀវ។ អនុរដ្ឋមន្ត្រីការពារជាតិលោក Vladimir Gavrilov បាននិយាយនៅខែនេះថា ស្នាក់ការកងនាវាចរសមុទ្រខ្មៅដែលឈរជើងនៅ គ្រីមៀ បង្ក “ការគំរាមកំហែងជាអចិន្ត្រៃយ៍” ដល់អ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា

To Top