ព័ត៌មានជាតិ

កម្ពុជា-អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងដ៏យូរលង់ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។

ក្នុងជំនួបពិភាក្សាទ្វេភាគី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៥ សីហា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ផេននី វង បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអូស្រ្តាលី ដែលបានគាំទ្រដល់ដំណើរការសន្តិភាពនៅកម្ពុជា និងជំនួយជាបន្ទាប់ដែលមិនអាចកាត់ថ្លៃបានរបស់អូស្រ្តាលី ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេស ជំនួយវ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូស និងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ សម្រាប់កុមារ ចំនួន ២០០,០០០ដូស ដែលទើបបានដឹកជញ្ជូនមកដល់ជាលើកទី១ នាពេលថ្មីៗនេះ។

លោក ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តម ទៅកាន់ប្រទេស មីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយសង្កត់ធ្ងន់អំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនានានៃវិបត្តិនៅមីយ៉ាន់ម៉ា និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចខិតខំរបស់លោក ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។

លោក ប្រាក់ សុខុន និងលោកស្រី ផេននី វង ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងអន្តរជាតិដទៃទៀត ដែលជាកង្វល់រួម ផងដែរ ៕

To Top